UPDATE: ចំនួនអ្នកបាត់បង់ជីវិតបន្តកើនដល់ ១២០នាក់ ក្នុងចំណោមមនុស្សសរុប ១៨១នាក់ ដែលស្ថិតលើយន្តហោះ ជួបគ្រោះថ្នាក់អំឡុងពេលចុះចត នៅកូរ៉េខាងត្បូង
(សេអ៊ូល)៖ អាជ្ញាធរនៅប្រទេសកូរ៉េខាងត្បូង បានបន្តឱ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតកើនដល់ ១២០នាក់ហើយ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ ១គ្រឿង របស់អាកាសចរណ៍ Jeju Air បានជួបគ្រោះថ្នាក់ អំឡុងពេលចុះចត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មកទល់ពេលនេះ មានមនុស្សត្រឹមតែ ២នាក់ប៉ុណ្ណោះ ត្រូវបានជួយសង្រ្គោះ ក្នុងចំណោមមនុស្សសរុបទាំង ១៨១នាក់ ដែលស្ថិតនៅលើយន្តហោះ ដូច្នេះហើយ តួលេខអ្នកស្លាប់ ត្រូវគេរំពឹងថា នឹងបន្តកើនថែមទៀត។ គ្រោះថ្នាក់ខាងលើ បានកើតឡើង ពេលយន្តហោះនោះ ព្យាយាមចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Muan។
បើតាមវីដេអូចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គេមើលឃើញ អំឡុងពេលចុះចត យន្តហោះដែលជួបគ្រោះថ្នាក់ បានអូសខ្លួននៅជាប់នឹងផ្លូវចុះចតផ្ទាល់តែម្តង ដោយមិនមានកង់ត្រូវបញ្ចេញមកឡើយ ហើយយន្តហោះនោះ មិនអាចបង្អង់ល្បឿន ក៏បានបោះពួយយ៉ាងលឿន ហួសផុតចេញពីផ្លូវ រហូតទីបំផុតទៅបុកជាមួយជញ្ជាំងការពារ ជាហេតុបណ្តាលឱ្យ វាផ្ទុះឆេះឡើងយ៉ាងសន្ធោសន្ធៅ ពោលគឺយន្តហោះសឹងទាំងស្រុង ត្រូវបានបំផ្លាញដោយសារការផ្ទុះ សល់តែផ្នែកកន្ទុយយន្តហោះ បន្តិចប៉ុណ្ណោះ។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap គ្រោះថ្នាក់ខាងលើ ទំនងជាបានកើតឡើង ក្រោយការប៉ះទង្គិចជាមួយហ្វូងសត្វបក្សី ជាហេតុបង្កឱ្យកង់យន្តហោះមានបញ្ហាគាំង មិនអាចបញ្ចេញមកខាងក្រៅបាន ហើយបង្ខំឱ្យយន្តហោះនោះ ត្រូវព្យាយាមចុះចត ទាំងគ្មានកង់។ យ៉ាងណាមិញ ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បាននិយាយថា ការស៉ើបអង្កេតលម្អិត កំពុងតែប្រព្រឹត្តទៅ។
គួរបញ្ជាក់ថា យន្តហោះខាងលើ ជាប្រភេទ Boeing 737-800 មានគោលដៅហោះហើរ ចេញពីទីក្រុងបាងកកនៃប្រទេសថៃ ឆ្ពោះមកកាន់កូរ៉េខាងត្បូង ជាមួយអ្នកដំណើរសរុប ១៧៥នាក់ និងក្រុមការងារយន្តហោះចំនួន ៦នាក់។ ក្នុងចំណោមអ្នកដំណើរ គឺមានជនជាតិថៃ ២នាក់ ក្រៅពីនោះជាជនជាតិកូរ៉េ។ សម្រាប់មនុស្ ស២នាក់ ដែលរងរបួសនិងត្រូវបានជួយសង្រ្គោះ គឺជាអ្នកបម្រើការលើយន្តហោះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews



