ព័ត៌មានអន្តរជាតិ December 30, 2024

នាយកប្រតិបត្តិ Jeju Air សុំទោសចំពោះគ្រោះថ្នាក់នៃយន្តហោះ នៅអាកាសយានដ្ឋានកូរ៉េខាងត្បូង

Liny Chan

(សេអ៊ូល)៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Jeju Air របស់កូរ៉េខាងត្បូង បានសុំទោសជនរងគ្រោះក្នុងឧបទ្ទវហេតុ យន្តហោះជួបគ្រោះថ្នាក់អំឡុងពេលចុះចត ដែលបណ្តាលឱ្យមនុស្សចំនួន ១៧៩នាក់បាត់បង់ជីវិត កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ ២០២៤។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ លោក Kim E-bae បាននិយាយថា «មូលហេតុនៃ​គ្រោះថ្នាក់គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ដោយ​យន្តហោះ​នេះ​ មិន​មាន​កំណត់ត្រា​គ្រោះថ្នាក់ទេពីមុន ហើយពីដំបូង​ក៏​មិន​មាន​សញ្ញា​ខុសប្រក្រតីណាមួយដែរ»។ លោកថា ក្រុមហ៊ុនកំពុងសហការជាមួយអ្នកស៉ើបអង្កេត និងអនុវត្តការជួយដល់ជនរងគ្រោះជារឿងអាទិភាព។

គួរបញ្ជាក់ថា យន្តហោះ Boeing 737-800 នៃជើងហោះហើរលេខ 7C2216 របស់ Jeju Air ចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃ មានផ្ទុកមនុស្សចំនួន ១៨១នាក់ បានព្យាយាមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan ប្រទេសកូរ៉េខាងត្បូង។ មុនពេលគ្រោះថ្នាក់ កង់របស់យន្តហោះមានបញ្ហាគាំង មិនអាចបញ្ចេញមកក្រៅ ទើបបង្ខំឱ្យយន្តហោះត្រូវចុះចតទាំងគ្មានកង់ បន្ទាប់មកក៏ជ្រុលទៅ​បុក​របាំង​ការពារ ហើយ​ផ្ទុះ​ឆេះតែម្តង។ គិតត្រឹមយប់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) មនុស្សចំនួន ១៧៩នាក់ ត្រូវបានអាជ្ញាធរបញ្ជាក់ថាស្លាប់ ខណៈដែលសមាជិកលើយន្តហោះពីរនាក់ទៀត កំពុងស្ថិតក្នុងការសង្រ្គោះនៅមន្ទីរពេទ្យ៕ ផ្ដល់សិទ្ធដោយ៖ Fresh News