Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អាកាសធាតុមិនល្អ វាយលុកផ្នែកខ្លះនៃចក្រភពអង់គ្លេស ចំរដូលកាលប្រារព្ធបុណ្យឆ្លងឆ្នាំសកល

BY Liny Chan December 31, 2024
អាកាសធាតុមិនល្អ វាយលុកផ្នែកខ្លះនៃចក្រភពអង់គ្លេស ចំរដូលកាលប្រារព្ធបុណ្យឆ្លងឆ្នាំសកល

(ឡុងដ៏)៖ អាកាសធាតុមិនល្អ មុនថ្ងៃចូលឆ្នាំសកលមកដល់ បានវាយលុកផ្នែកខ្លះនៃចក្រភពអង់គ្លេស ខណៈអ្នករៀបចំកម្មវិធីឆ្លងឆ្នាំ នៅវិថី Hogmanay នៃរដ្ឋធានី Edinburgh ប្រទេស Scotland បានលុបចោលព្រឹត្តិការណ៍របស់ខ្លួន ក្រោមហេតុផលសុវត្ថិភាពសាធារណៈ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ ២០២៤។

កម្មវិធីឆ្លងឆ្នាំសកល នៅរដ្ឋធានី Edinburgh មានការចាប់ឆ្នោតផ្សងសំណាងយកកញ្ចប់ទេសចរណ៍ដ៏ធំ ហើយបានទាក់ទាញមនុស្សប្រហែល ៣០,០០០នាក់កាលពីឆ្នាំមុន ជាមួយនិងការបាញ់កាំជ្រួច ក៏ដូចជាការប្រគុំតន្ត្រីផងដែរ។ ប៉ុន្តែឆ្នាំនេះ អ្នករៀបចំកម្មវិធីនិយាយថា វាមិនសុវត្ថិភាពទេក្នុងការរៀបចំព្រឹត្តិការណ៍ ដែលគ្រោងទុកសម្រាប់ថ្ងៃចន្ទ និងថ្ងៃចូលឆ្នាំសកលនៅថ្ងៃអង្គារ ដោយសារតែ «ខ្យល់បក់ខ្លាំង និងអាកាសធាតុមិនល្អ»

ក្រមប្រឹក្សាក្នុងតំបន់និយាយថា ការបាញ់កាំជ្រួចឆ្នាំថ្មីដែលគ្រោងទុក នៅក្នុងទីក្រុងរមណីយដ្ឋានវិស្សមកាល Blackpool ភាគពាយ័ព្យប្រទេសអង់គ្លេស ក៏ត្រូវលុបចោលដែរ ដោយសារតែការព្យាករអំពីខ្យល់បក់ខ្លាំង។ ទីភ្នាក់ងារការពារបរិស្ថាន Sepa របស់ Scotland បានចេញការព្រមានដ៏កម្រ អំពីទឹកជំនន់ធ្ងន់ធ្ងរមានគ្រោះថ្នាក់ដល់ជីវិត សម្រាប់ផ្នែកខ្លះនៃប្រទេស។ ជាមួយគ្នានេះ ការិយាល័យ Met Office របស់ចក្រភពអង់គ្លេស បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងអាចកើតមាន នៅផ្នែកខ្លះនៃប្រទេស Scotland អៀរឡង់ខាងជើង រួមទាំងភាគខាងជើងនៃប្រទេសអង់គ្លេស។ ការធ្លាក់ព្រិល ក៏ត្រូវបានព្យាករផងដែរ សម្រាប់ផ្នែកខ្លះនៃប្រទេស Scotland៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: