Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ប្រឈមមុខដាក់គ្នាជាមួយអង្គរក្សប្រធានាធិបតី ក្នុងការអនុវត្តដីកាចាប់ខ្លួនលោក Yoon

BY Liny Chan January 3, 2025
ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ប្រឈមមុខដាក់គ្នាជាមួយអង្គរក្សប្រធានាធិបតី ក្នុងការអនុវត្តដីកាចាប់ខ្លួនលោក Yoon

(សេអ៊ូល)៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច ត្រូវបានរារាំងដោយកងអង្គរក្សការពារប្រធានាធិបតី នៅខាងក្រៅនិវេសនដ្ឋានរបស់ប្រធានាធិបតី នៅថ្ងៃសុក្រ ទី៣ ខែមករា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

ក្រុមអ្នកស៊ើបអង្កេតដឹកនាំដោយការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ហៅកាត់ថា CIO បានបង្ហាញដីកាចាប់ខ្លួនលោក Yoon ចេញដោយតុលាការ និងការអនុញ្ញាតឆែកឆេរនិវេសនដ្ឋានប្រធានាធិបតី។ ប៉ុន្តែ ប្រធានកងអង្គរក្សការពារប្រធានាធិបតី លោក Park Chong-jun បានបដិសេធមិនឱ្យក្រុមអ្នកស៊ើបអង្កេតចូល ដោយសំអាងលើការរឹតត្បិតចំពោះតំបន់សុវត្ថិភាព។ «រដ្ឋអាជ្ញាមកពីអង្គភាព CIO និងក្រុមអ្នកស៊ើបអង្កេតបានប្រឈមមុខជាមួយកងអង្គរក្សប្រធានាធិបតីនៅខាងមុខ និវេសនដ្ឋាន បន្ទាប់ពីបានឆ្លងរនាំងការពារទី១ និងទី២»។ នេះជាការគូសបញ្ជាក់របស់ប៉ូលិសម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap។

គួរបញ្ជាក់ថា លោក Yoon Suk Yeol ដែលត្រូវបានសភាព្យួរតំណែង ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កំពុងប្រឈមមុខនឹង ការស៊ើបអង្កេតព្រហ្មទណ្ឌក្រោមបទចោទប្រកាន់បះបោរ។ CIO មានពេលរហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីអនុវត្តដីកាចាប់ខ្លួនលោក Yoon៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: