Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រុមបាតុ.ករមានទាំងប្រឆាំង និងគាំទ្រ ប្រមូលផ្ដុំគ្នាក្នុងទីក្រុងសេអ៊ូល ខណៈដីកាចាប់ខ្លួនលោក Yoon ជិតអស់សុពលភាព

BY Nisaiy KP January 5, 2025
ក្រុមបាតុ.ករមានទាំងប្រឆាំង និងគាំទ្រ ប្រមូលផ្ដុំគ្នាក្នុងទីក្រុងសេអ៊ូល ខណៈដីកាចាប់ខ្លួនលោក Yoon ជិតអស់សុពលភាព

(សេអ៊ូល)៖ មនុស្សរាប់ពាន់នាក់ បានជម្នះនឹងព្រិលធ្លាក់នៅថ្ងៃអាទិត្យ ទី៥ ខែមករានេះ ដើម្បីប្រមូលផ្ដុំគ្នាក្នុងទីក្រុងសេអ៊ូល បង្ហាញទាំងការគាំទ្រ និងការប្រឆាំងនឹងការចាប់ខ្លួនប្រធានាធិបតីដែល ត្រូវបានព្យួរដំណែង លោក Yoon Suk Yeol ខណៈវិបត្តិនយោបាយកូរ៉េខាងត្បូងបានធ្លាក់ចូលក្នុងហានិភ័យនៃការប្រឈមមុខដាក់គ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ខណៈដីកាចាប់ខ្លួនលោក Yoon ក្រោមបទចោទប្រកាន់បះបោរជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ នឹងត្រូវអស់សុពលភាពនៅពាក់កណ្ដាលយប់ថ្ងៃអាទិត្យ ឈានចូល ថ្ងៃចន្ទស្អែកនេះ មនុស្សជាច្រើនក្រុមបានប្រមូលផ្ដុំគ្នានៅក្បែរនិវេសនដ្ឋានរបស់លោក Yoon ក្នុងនោះមានក្រុមខ្លះជំរុញឱ្យមានការចាប់ខ្លួន និងខ្លះទៀតបានប្រឆាំងនឹងការចាប់ខ្លួនប្រធានាធិបតី ត្រូវបានព្យួរតំណែងរូបនេះ។

នៅថ្ងៃអាទិត្យនេះ ក្រុមបាតុករមានទាំងប្រឆាំង និងគាំទ្រលោក Yoon បានប្រមូលផ្ដុំគ្នា នៅក្បែរនិវេសនដ្ឋានរបស់លោកក្នុងទីក្រុងសេអ៊ូល ក្រោមព្រិលធ្លាក់ខ្លាំង និងមានអាកាសធាតុ -៥អង្សាសេ។ «យើងត្រូវតែសា្ដរមូលដ្ឋាននៃសង្គមរបស់យើងឡើងវិញ តាមរយៈការដាក់ទោសលើប្រធានាធិបតីដែលបានបំពានលើរដ្ឋធម្មនុញ្ញ»។ នេះជាការលើកឡើងរបស់មេដឹកនាំសហជីព Korean Confederation of Trade Unions (KCTU) ឈ្មោះ Yang Kyung-soo ដោយបន្ថែមថា «យើងត្រូវតែទម្លាក់ឧក្រិដ្ឋជន Yoon Suk Yeol ពីតំណែង និងចាប់ខ្លួន ព្រមទាំងឃុំខ្លួនរូបលោកឱ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន»។ ចំណែក នៅក្បែរទីតាំងរបស់ក្រុមបាតុករប្រឆាំង ក្រុមបាតុករគាំទ្រលោក Yoon វិញបានស្រែកថា «យើងនឹងតស៊ូដើម្បីលោកប្រធានាធិបតី Yoon Suk Yeol និង បញ្ឈប់ការលួចបន្លំ ដែលពាក្យស្លោកនេះត្រូវបានប្រើប្រាស់ដោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ក្រោយចាញ់ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០។

គួរបញ្ជាក់ថា លោក Yoon បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលប្រឈមមុខនឹងដីកាចាប់ខ្លួន ក្រោយរូបលោកត្រូវបានសភាបោះឆ្នោតដកតំណែង និងព្យួរតំណែង ហើយប្រគល់សំណុំរឿងនេះទៅឱ្យតុលាការធម្មនុញ្ញជាអ្នកសម្រេចថាតើត្រូវទុក ឬទម្លាក់រូបលោកពីតំណែង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: