Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ពន្យារពេលបើកអាកាសយានដ្ឋាន Muan ឡើងវិញ ដើម្បីបន្តស៉ើបអង្កេតករណីធ្លាក់យន្តហោះ បាត់បង់ជីវិតមនុស្ស ១៧៩នាក់

BY Liny Chan January 6, 2025
កូរ៉េខាងត្បូង ពន្យារពេលបើកអាកាសយានដ្ឋាន Muan ឡើងវិញ ដើម្បីបន្តស៉ើបអង្កេតករណីធ្លាក់យន្តហោះ បាត់បង់ជីវិតមនុស្ស ១៧៩នាក់

(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងថា អាកាសយានដ្ឋាន Muan នឹងនៅតែផ្អាកដំណើរការបណ្តោះអាសន្ន រហូតដល់ថ្ងៃទី១៤ ខែមករា ដោយសារតែការស៉ើបអង្កេតលើករណីធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air សម្លាប់មនុស្ស ១៧៩នាក់កំពុងបន្ត។ នេះបើយោងតាមការចេញការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ ២០២៥។

ដំបូងឡើយ អាកាសយានដ្ឋាន Muan គ្រោងបើកឡើងវិញនៅថ្ងៃអង្គារនេះ ក្រោយជួបឧបទ្ទវហេតុកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៤។ ក្រុមអ្នកស៉ើបអង្កេតរួមមួយកំពុងបង្កើនការស្រាវជ្រាវរកមូលហេតុ ដោយនៅថ្ងៃចន្ទនេះ អ្នកស៉ើបអង្កេតកូរ៉េពីរនាក់ បាននាំយកប្រអប់ខ្មៅនៃយន្តហោះទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើការវិភាគជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ នៅទីនោះ។

ប្រអប់ខ្មៅ រួមជាមួយឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ គឺមានព័ត៌មានសំខាន់ៗអំពីការធ្លាក់យន្តហោះ។ ក្រុមស៉ើបអង្កេត ប្រមូលបានទិន្នន័យពីឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ ដែលរកឃើញពីបំណែកយន្តហោះ Jeju Air ធុន Boeing 737-800 និងទាញយកម៉ាស៉ីនពីរគ្រឿង ខណៈដែលអ្នកតំណាងមកពីក្រុមហ៊ុនផលិតម៉ាស៉ីន GE ក៏បានចូលរួមក្នុងការស៉ើបអង្កេតនេះដែរ។

ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បានពន្យារពេលដល់ថ្ងៃទី១០ ខែមករា ដើម្បីត្រួតពិនិត្យយន្តហោះ Boeing 737-800 ទាំងអស់ដែលដំណើរការដោយ Jeju Air និងក្រុមហ៊ុនអាកាសចរណ៍ចំនួន ៥ផ្សេងទៀតនៅក្នុងប្រទេស រួមទាំងកំណត់ត្រាថែទាំរបស់ពួកគេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: