Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កោះរមណីយដ្ឋាន Phuket ប្រទេសថៃ ជួបប្រទះបញ្ហាសំរាមធ្ងន់ធ្ងរ

BY Liny Chan January 16, 2025
កោះរមណីយដ្ឋាន Phuket ប្រទេសថៃ ជួបប្រទះបញ្ហាសំរាមធ្ងន់ធ្ងរ

(បាងកក)៖ ដបប្លាស្ទិក និងកំប៉ុងស្រាបៀរ ត្រូវបានគេប្រទះឃើញក្នុងផ្ទៃសមុទ្រ ជុំវិញកោះរមណីយដ្ឋាន Phuket របស់ប្រទេសថៃ ខណៈដែលមានសំរាមកាន់តែច្រើននៅលើកោះ ដែលជាគោលដៅទេសចរណ៍មួយ ល្បីល្បាញខាងឆ្នេរស្អាត និងថ្ងៃលិចដ៏ស្រស់ស្អាត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ ២០២៥។

នៅជ្រុងម្ខាងនៃកោះ គេឃើញរថយន្តដឹកទំនិញ និងត្រាក់ទ័រនាំយកសំរាមទៅចាក់ចោល នៅទីលានចាក់សំរាមដ៏ធំមួយ ដែលជាកន្លែងចុងក្រោយសម្រាប់ផ្ទុកកាកសំណល់ច្រើនជាង ១ ០០០តោន ដែលប្រមូលបានជារៀងរាល់ថ្ងៃ។ ដោយពន្យល់ថា កំណើនទេសចរណ៍ និងសំណង់ជំរុញឱ្យមានសំរាមលើសកម្រិត មុនពេលមានជំងឺកូវីដ លោក Suppachoke Laongphet អភិបាលរងនៃទីក្រុងកោះមួយនេះ និយាយថា ការអភិវឌ្ឍទីក្រុង​ Phuket មាន​សន្ទុះ​លឿន​ជាង​ការរំពឹងទុក​។

លោកបានឱ្យដឹងទៀតថា នៅដំណាច់ឆ្នាំនេះ កោះ​ Phuket អាច​បង្កើត​សំរាម​​រហូត​ដល់ ១ ៤០០តោន​ក្នុង​មួយ​ថ្ងៃ ដោយនឹង​លើស​ចំណុះ​សម្រាប់ទីលាន​ចាក់​សំរាម ដែលមាន​តែ​មួយ​គត់។ អាជ្ញាធរកំពុងជំរុញផែនការកាត់បន្ថយ ការបង្កើតកាកសំណល់ ១៥ភាគរយក្នុងរយៈពេល ៦ខែ ពង្រីកកន្លែងចាក់សំរាម និងសាងសង់ឡដុតថ្មី។ យ៉ាងនេះក្តី ក្រុមជំនាញនិយាយថា ការ​បង្កើន​សមត្ថភាព និង​ឡដុត​សំរាម គឺ​គ្រាន់តែ​ជា​ផ្នែកមួយ​នៃ​ដំណោះស្រាយ​បណ្តោះអាសន្នប៉ុណ្ណោះ​។

គួរបញ្ជាក់ថា Phuket គឺជាកោះដ៏វែងបំផុតមួយរបស់ប្រទេសថៃ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសារវិស័យទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃទាំងមូល។ ក្នុងចំណោមជនបរទេសចំនួន ៣៥.៥លាននាក់នៅឆ្នាំ ២០២៤ មានប្រហែល ១៣លាននាក់ បានធ្វើដំណើរទៅកាន់កោះនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: