ព័ត៌មានអន្តរជាតិ January 16, 2025

TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើន សម្រុកទៅទាញយក និងប្រើប្រាស់កម្មវិធី APP របស់ចិន ឈ្មោះ RedNote

Liny Chan

(ប៉េកាំង)៖ នៅថ្ងៃទី ១៣ ខែមករា ចំនួនទាញយកកម្មវិធី APP របស់ចិនឈ្មោះ “កូនសៀវភៅក្រហម” (ឈ្មោះជាភាសាអង់គ្លេស RedNote) បានកើនឡើងយ៉ាងខ្លាំងដល់កំពូលតារាងកម្មវិធី APP ឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Appleក្នុងតំបន់អាមេរិក។

នៅពេលដែលប្រឈមមុខនឹងលទ្ធភាពដែលកម្មវិធី TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ក្នុងសប្តាហ៍នេះ អ្នកនិយមលេងអ៊ីនធឺណិតអាមេរិកមួយចំនួន មិនបានជ្រើសរើស បណ្តាញទំនាក់ទំនងសង្គមរបស់អាមេរិក ដូចជា Facebook និង Instagram នោះទេ ប៉ុន្តែបែរជាងាកទៅរកបណ្តាញទំនាក់ទំនងសង្គមចិនឈ្មោះ “កូនសៀវភៅក្រហម” វិញ។ លំហូរ “ជនភៀសខ្លួន TikTok” ដ៏ច្រើនសន្ធឹកធំបានធ្វើឱ្យកម្មវិធី APP “កូនសៀវភៅក្រហម” ឈរលើលំដាប់កំពូល នៃតារាងកម្មវិធី APP ឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple ក្នុងតំបន់សហរដ្ឋអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកក៏បានចាប់អារម្មណ៍ពីបាតុភាព ដែលអ្នកប្រើប្រាស់ជនជាតិអាមេរិកជាច្រើន ជ្រើសរើសការប្រើប្រាស់កម្មវិធីAPP “កូនសៀវភៅក្រហម” ផងដែរ។ នៅថ្ងៃទី ១៣ ខែមករា កាសែតញូវយ៉កប៉ុស្តិ៍ បានអធិប្បាយនិងវិភាគអំពីមូលហេតុដែលកម្មវិធី APP “កូនសៀវភៅក្រហម” មានប្រជាប្រិយភាពនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។

ការផ្សាយដំណឹងឱ្យដឹងថា កម្មវិធីនេះផ្តោតលើការបំផុសគំនិតអំពីជីវភាព ការវាយតម្លៃចំពោះផលិតផល និងជម្រើសសម្រាប់ការទិញទំនិញ ហើយមុខងារនៃការទិញទំនិញ តាមបណ្តាញទំនាក់ទំនងសង្គម និងការបង្កើតសហគមន៍អនឡាញ បានធ្វើឱ្យវាពេញនិយមទាំងនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។

ការផ្សាយដំណឹងបានលើកឡើងទៀតថា ការពេញនិយមរបស់កម្មវិធី APP “កូនសៀវភៅក្រហម” បង្ហាញថា អ្វីដែលអ្នកប្រើប្រាស់យកចិត្តទុកដាក់ជាអាទិភាពគឺខ្លឹមសារ និងសហគមន៍អនឡាញដែលមានកម្លាំងទាក់ទាញ មិនមែនជាកត្តាភូមិសាស្ត្រនយោបាយនោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

វិទ្យុមិត្តភាពកម្ពុជាចិន