Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កម្មវិធីចិន RedNote ទទួលបានអ្នកប្រើប្រាស់ថ្មីជិត ៣លាននាក់ក្នុងសប្តាហ៍នេះ ខណៈសុទ្ធសឹងតែជាអ្នកចាកចេញពី TikTok

BY Liny Chan January 17, 2025
កម្មវិធីចិន RedNote ទទួលបានអ្នកប្រើប្រាស់ថ្មីជិត ៣លាននាក់ក្នុងសប្តាហ៍នេះ ខណៈសុទ្ធសឹងតែជាអ្នកចាកចេញពី TikTok

(បរទេស)៖ ប្រភពទិន្នន័យថ្មីពីក្រុមហ៊ុនវិភាគ Similarweb បានឱ្យដឹងថា កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន RedNote ដែលស្គាល់នៅក្នុងប្រទេសចិនថា Xiaohongshu ឥឡូវនេះទទួលបានអ្នកប្រើប្រាស់ថ្មីជិត ៣លាននាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ការកើនឡើងនេះ គឺដោយសារតែអ្នកប្រើប្រាស់សម្រុកចាកចេញពី TikTok ចំពេលមានការភ័យខ្លាចនៃការហាមឃាត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

យោងតាមក្រុមហ៊ុនវិភាគ Similarweb អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់កម្មវិធីភាសាចិន RedNote នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣.៤លាននាក់នៅទូទាំងឧបករណ៍ iOS និង​ Android និងកើនឡើងពីចំនួន ៧០ម៉ឺននាក់នៅថ្ងៃចន្ទ និង ៣០ម៉ឺននាក់កាលពីសប្តាហ៍មុន។ ការហូរចូល នៃអ្នកប្រើប្រាស់ត្រូវបានជំរុញដោយការហាមប្រាមរបស់សហរដ្ឋអាមេរិកនៅលើ TikTok ដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់ លើបញ្ហាសន្តិសុខជាតិ។ ទិន្នន័យនេះ បង្ហាញពីការកើនឡើងកាន់តែច្រើនទៅៗ ខណៈចំនួនទាញយកដ៏ច្រើនសន្ធឹកនៃកម្មវិធី RedNote បានឈរលើលំដាប់កំពូល នៃតារាងកម្មវិធី APP ឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple ក្នុងតំបន់សហរដ្ឋអាមេរិក។

គួរជម្រាបថា អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃនៅលើកម្មវិធី Lemon8 របស់ TikTok ក៏បានកើនឡើងខ្លាំងផងដែលចំនួន ១.៧លាននាក់នៅសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍។ ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់ TikTok របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមុនការហាមឃាត់ ដោយធ្លាក់ចុះ ២.១% ក្នុងមួយសប្តាហ៍មកនៅប្រហែល ៨២.២ លាននាក់សម្រាប់អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: