Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាអាមេរិក ទទួលស្គាល់លោក John Ratcliffe ជានាយក CIA

BY Liny Chan January 24, 2025
ព្រឹទ្ធសភាអាមេរិក ទទួលស្គាល់លោក John Ratcliffe ជានាយក CIA

(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា បានបោះឆ្នោតក្នុងសំឡេងគាំទ្រភាគច្រើនលើសលុប ដើម្បីទទួលស្គាល់លោក John Ratcliffe ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ដែលនេះជា ការបំពេញមុខតំណែងដ៏សំខាន់មួយនៅក្នុងក្រុមមន្ត្រីសន្តិសុខជាតិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតទទួលស្គាល់លោក Ratcliffe ជានាយក CIA ក្នុងសំឡេងគាំទ្រ ៧៤ ទល់នឹង២៥សំឡេងជំទាស់។ លោក Ratcliffe ធ្លាប់កាន់តំណែងជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ក្រោយអាណត្តិទី១របស់លោក ត្រាំ។ លោកក៏ជាមនុស្សម្នាក់ដែលផ្តោតជាសំខាន់លើចិនផងដែរ ដោយលោកបាននិយាយថា​ CIA នៅក្រោមការដឹកនាំរបស់លោកនឹងបង្កើតការផ្តោតលើអ្វីដែល លោកហៅថាជាការគំរាមកំហែងបង្កឡើងដោយចិន និងគណបក្សកម្មុយនិស្ដចិន។

គួរបញ្ជាក់ថា លោក John Ratcliffe ធ្លាប់បម្រើការជារដ្ឋអាជ្ញាសហព័ន្ធម្នាក់ និងធ្លាប់ជាអ្នកតំណាងរាស្ត្រប្រចាំរដ្ឋតិចសាស់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០។ អំឡុងឆ្នាំ២០២០ លោកជាមនុស្សម្នាក់ដែលបានចេញមុខការពារ លោក ដូណាល់ ត្រាំ ដែលត្រូវប្រឈមមុខនឹងនីតិវិធីចោទប្រកាន់ដកតំណែងនៅពេលនោះ។ ក្រោយមក លោក ត្រាំ បានតែងតាំងលោក Ratcliffe ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិដើម្បីដឹកនាំសហគមន៍ស៊ើបការណ៍ សម្ងាត់អាមេរិក និងកាន់តំណែងជាទីប្រឹក្សាដ៏សំខាន់របស់លោក ត្រាំ លើព័ត៌មានសម្ងាត់៕ ផ្ដលសិទ្ធិដោយ៖ Fresh News

Share This Post: