ព័ត៌មានអន្តរជាតិ January 24, 2025

UN : សហរដ្ឋអាមេរិក នឹងចាកចេញពី WHO នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ 

Liny Chan

(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករាថាសហរដ្ឋអាមេរិកនឹងចាកចេញពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការជូនដំណឹងជាផ្លូវការពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ទីភ្នាក់ងារសុខាភិបាលអន្តរជាតិមួយនេះថាគ្មានសមត្ថភាពដោះស្រាយ កូវីដ១៩ និងវិបត្តិសុខាភិបាលសកលដទៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ដូណាល់ ត្រាំ បានប្រកាសពីការសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីអង្គការ WHO កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២។ WHO កាលពីថ្ងៃអង្គារ ក៏បានបង្ហាញការសោកស្ដាយផងដែរចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ខណៈសហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតរបស់ខ្លួន។ អ្នកនាំពាក្យរងរបស់ UN លោក Farhan Haq បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំអាចបញ្ជាក់បានថាឥលូវ យើងបានទទួលលិខិតពីសហរដ្ឋអាមេរិកស្ដីពីការដកខ្លួនចេញពី WHO ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ហើយការដកខ្លួននេះនឹងត្រូវ ចូលជាធរមាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦»

គួរបញ្ជាក់ថា តាមនីតិវិធី លោក ត្រាំ ត្រូវទុករយៈពេល១ឆ្នាំ ដើម្បីដកសហរដ្ឋអាមេរិកចេញពី WHO។ សហរដ្ឋអាមេរិក មកទល់នឹងពេលនេះគឺជាម្ចាស់ជំនួយធំបំផុតសម្រាប់ WHO ឬស្មើនឹង១៨ភាគរយ នៃវិភាគទានដែលត្រូវបានបង់ដោយប្រទេសជាសមាជិកទាំងអស់។ កញ្ចប់ថវិការយៈពេល២ឆ្នាំរបស់ WHO សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ គឺមានទំហំទឹកប្រាក់ ៦.៨ពាន់លានដុល្លារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News