រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូង បន្ទាប់ពីបុណ្យចូលឆ្នាំចិន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក បានជួបជាមួយទស្សនិកជនទូទាំងពិភពលោក នៅយប់ថ្ងៃដាច់ឆ្នាំចិន
(ប៉េកាំង)៖ កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានត្រូវចាក់ផ្សាយនៅវេលាម៉ោង៨យប់ ថ្ងៃទី២៨ខែមករា តាមម៉ោងក្រុងប៉េកាំងតាមពេលកំណត់ ប្រព័ន្ធសារព័ត៌មានជិត៣០០០ មកពីប្រទេសនិងតំបន់ចំនួនជាង២០០ លើទូទាំងពិភពលោកបានធ្វើការផ្សាយបន្តផ្ទាល់ ឬផ្សាយដំណឹងអំពីព្រឹត្តិការណ៍នេះ។ ក្រៅពីរៀបចំនៅទីក្រុងប៉េកាំង នៅមានសាខារៀបចំធ្វើឡើងនៅទីក្រុង Chongqing ក្រុង Wuhan ខេត្ត Hubei ក្រុង Lhasa ភូមិភាគ Xizang និងក្រុង Wuxi ខេត្ត Jiangsu ផងដែរ។
ដើម្បីអបអរសាទររាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូង បន្ទាប់ពីបុណ្យចូលឆ្នាំចិនត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំយ៉ាងម៉ត់ចត់នូវកម្មវិធីសម្តែងជាច្រើនប្រភេទ ដូចជាចម្រៀង របាំ ល្ខោននិងក្បាច់គុនជាដើម ព្រមទាំងអញ្ជើញជនសាមញ្ញមកពីវិស័យនានា ចូលរួមកម្មវិធីសម្តែងទៀតផង។

«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» ឆ្នាំនេះក៏បានដាក់ចេញនូវការផ្សាយបន្តផ្ទាល់ សម្រាប់ជនពិការភ្នែក និងពិការត្រចៀកជាលើកដំបូង ហើយមានការប្រើប្រាស់ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា “5G+4K/8K+AI” របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សមជ្ឈិមចិន ដើម្បីផ្តល់ជូនទស្សនិកជនទូទាំងពិភពលោក នូវចំណីអារម្មណ៍ដ៏ពិសេស តាមរយៈការផ្សព្វផ្សាយ ជា៨២ភាសា។ សូមរីករាយជាមួយប្រជាជនចិនទាំងអស់គ្នាផង! វិទ្យុមិត្តភាពកម្ពុជាចិន
ផ្តល់សិទ្ធិដោយ៖ Fresh News
