ព័ត៌មានអន្តរជាតិ February 2, 2025

លោក ដូណាល់ ត្រាំ ចេញបញ្ជាឱ្យយកពន្ធ ២៥ភាគរយ លើទំនិញកាណាដានិងម៉ិកស៉ិក ព្រមទាំង ១០ភាគរយលើទំនិញចិន

Nisaiy KP

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យយកពន្ធក្នុងអត្រា ២៥ភាគរយ លើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៉ិក ព្រមទាំងក្នុងអត្រា១០ភាគរយ លើទំនិញនាំចូលពីប្រទេសចិន ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួន៣ ដាច់ដោយឡែកពីគ្នា ស្តីពីការយកពន្ធលើទំនិញរបស់ប្រទេសទាំងលើ ហើយបានប្តេជ្ញាថា នឹងរក្សាគោលការណ៍យកពន្ធនោះ រហូតទាល់តែអ្វីដែលលោកហៅថា ភាពអាសន្នថ្នាក់ជាតិ ជុំវិញបញ្ហាថ្នាំ fentanyl និងអន្តោប្រវេសន៍ខុសច្បាប់ មកកាន់សហរដ្ឋអាមេរិក ត្រូវបានបញ្ចប់។

ក្រុមមន្រ្តីសេតវិមាន បាននិយាយថា នឹងពុំមានការលើកលែងក្នុងវិធានការយកពន្ធឡើយ ហើយប្រសិនបើកាណាដា ម៉ិកស៉ិក និងចិន ហ៊ានសងសឹកប្រឆាំងទំនិញរបស់អាមេរិកវិញនោះ លោក ត្រាំ ទំនងជានឹងដំឡើងពន្ធបន្ថែមទៀត។

គួរបញ្ជាក់ថា ចំណាត់ការខាងលើ គឺជាការធ្វើតាមពាក្យសន្យារបស់លោក ត្រាំ កាលពីអំឡុងពេលឃោសនាបោះឆ្នោតឆ្នាំ២០២៤ បើទោះបីជាក្រុមសេដ្ឋវិទូកំពូលៗ បានព្រមានថា ការធ្វើសង្រ្គាមពាណិជ្ជកម្មថ្មីមួយ ជាមួយបណ្តាដៃគូពាណិជ្ជកម្មធំៗរបស់អាមេរិក មុខជានឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផ្ទាល់ ក៏ដូចជាពិភពលោកទាំងមូល ទទួលរងផលប៉ះពាល់អវិជ្ជមាន ហើយបង្កើនតម្លៃទំនិញ សម្រាប់អ្នកប្រើប្រាស់និងក្រុមហ៊ុន ថែមទៀតក៏ដោយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews