ព័ត៌មានអន្តរជាតិ February 5, 2025

ក្រសួងហិរញ្ញវត្ថុឥណ្ឌា ហាមឃាត់មន្ត្រីប្រើប្រាស់ឧបករណ៍ AI រួមទាំង ChatGPT និង DeepSeek

Liny Chan

(បរទេស)៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាបានស្នើឱ្យមន្ត្រី បុគ្គលិករបស់ខ្លួនជៀសវាងការប្រើប្រាស់ឧបករណ៍ AI រួមទាំង ChatGPT និង DeepSeek សម្រាប់ការងារផ្លូវការ ដោយបានលើកឡើងពីហានិភ័យដែលបង្កឱ្យមានការបែកធ្លាយឯកសារ និងទិន្នន័យសម្ងាត់របស់រដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅមុននេះ ប្រទេសអូស្ត្រាលី និងអ៊ីតាលីក៏បានដាក់កម្រិតស្រដៀងគ្នាលើការប្រើប្រាស់ DeepSeek ដោយលើកឡើងពីហានិភ័យ​សុវត្ថិភាពទិន្នន័យ។ របាយការណ៍នៃការណែនាំនេះ បានលេចចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ មុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសឥណ្ឌា ដោយនាយកប្រតិបត្តិក្រុមហ៊ុន OpenAI គឺលោក Sam Altman នៅថ្ងៃពុធ ដោយគ្រោងនឹងជួបរដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។

ប្រភពពីមន្ត្រីនៃក្រសួងហិរញ្ញវត្ថុឥណ្ឌាចំនួនបីរូបបានឱ្យដឹងថា ក្រសួងពិតជាបានចេញសេចក្ដីប្រកាសដូច្នេះមែន ប៉ុន្តែ Reuters មិនអាច​សុំ​ការឆ្លើយបតភ្លាមៗពីសំណាក់អ្នកនាំពាក្យ ឬតំណាងរបស់ក្រសួងបាននោះទេ។

បច្ចុប្បន្ននេះ OpenAI កំពុងប្រឈមមុខនឹងផ្លូវច្បាប់នៅក្នុងប្រទេសឥណ្ឌាទៅលើករណីរំលោភសិទ្ធិអ្នកនិពន្ធ ប៉ុន្តែខាង OpenAI បានឆ្លើយបតវិញថា ខ្លួនមិនមានម៉ាស៊ីនមេនៅក្នុងប្រទេសឥណ្ឌានោះទេ ហើយតុលារក៏គួរតែកុំគិតពីរឿងនេះផងដែរ។ ប៉ុន្តែបើតាមមើលទៅ ដំណើរទស្សនកិច្ចរបស់លោក Sam Altman ទៅកាន់ប្រទេសឥណ្ឌាគឺដើម្បីទៅដោះស្រាយបញ្ហានេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News