ព័ត៌មានអន្តរជាតិ February 16, 2025

នាយករដ្ឋមន្រ្តីអង់គ្លេស អំពាវនាវឱ្យអឺរ៉ុបចាំបាច់ត្រូវដើរតួនាទីធំជាងមុន នៅក្នុងអង្គការ NATO

Nisaiy KP

(ឡុងដ៍)៖ កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវតែដើរតួនាទីធំជាងមុន នៅក្នុងអង្គការ NATO ហើយធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីជួយធានាអនាគតរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Starmer ដែលនឹងត្រូវធ្វើដំណើរទៅជួប ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៉ីនតោន ក្នុងពេលឆាប់ៗ បានបន្ថែមថា ចក្រភពអង់គ្លេសនឹងធ្វើការ ដើម្បីធានាថា សហរដ្ឋអាមេរិកនិងអឺរ៉ុប នឹងនៅតែបន្តរួបរួមគ្នា ដោយលោកបានសង្កត់ធ្ងន់ថា «នាពេលនេះ យើងមិនអាចអនុញ្ញាតឱ្យភាពប្រេះឆាណាមួយ នៅក្នុងសម្ព័ន្ធភាព បង្វែរការចាប់អារម្មណ៍ ពីសត្រូវរួមខាងក្រៅ ដែលពួកយើងកំពុងប្រឈមឡើយ»។

ការអត្ថាធិប្បាយរបស់លោក Starmer កើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានព្រមាន​កាលពីថ្ងៃសុក្រសប្តាហ៍នេះថា អឺរ៉ុបចាំបាច់ត្រូវបង្កើន ការចំណាយលើវិស័យការពារជាតិ ព្រោះមិនអាចនៅតែគិតថា វត្តមានកងទ័ព​របស់អាមេរិក នៅលើទ្វីបនេះ នឹងបន្តជារៀងរហូតនោះទេ។ ទន្ទឹមគ្នា ក្រុមមេដឹកនាំអឺរ៉ុប ក៏កំពុងស្ទុះស្ទាព្យាយាមរិះរកមធ្យោបាយ ដើម្បីមានឱកាសចូលរួមក្នុងកិច្ចចរចាណាមួយ ដើម្បីបញ្ចប់សង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន ផងដែរ។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ លោក ត្រាំ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលរូបលោកប្រកាសថា លោកទំនងជានឹងជួប​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងពេលឆាប់ៗ ដើម្បីចាប់ផ្តើមកិច្ចចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន ខណៈប្រការនេះបានញ៉ាំងឱ្យ​បណ្តាសម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុប កើតមានភាពភ័យព្រួយថា ផល​ប្រយោជន៍សន្តិសុខរបស់ពួកគេ​ អាចនឹងត្រូវមិនគិតគូរ នៅក្នុងកិច្ចព្រមព្រៀងស្តីពីអ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews