ព័ត៌មានអន្តរជាតិ February 18, 2025

យន្តហោះផ្ទុកមនុស្ស៨០នាក់ ក្រឡាប់ផ្ងារជើងពេលចុះចតនៅប្រទេសកាណាដា ប៉ុន្តែមិនបង្កឱ្យមានអ្នកបាត់បង់ជីវិត

Liny Chan

(តូរ៉ុនតូ)៖ យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Air Lines បានក្រឡាប់ផ្ងារជើង អំឡុងពេលចុះចត នៅអាកាសយានដ្ឋាន Toronto Pearson នៃប្រទេសកាណាដា កាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ចំពេលដែលមានខ្យល់បក់ខ្លាំង ក្រោយព្យុះព្រិល ប៉ុន្តែហេតុការណ៍នោះ មិនបានបង្កឱ្យមានមនុស្សបាត់បង់ជីវិតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទោះជាបែបនេះក្តី មនុស្ស១៨នាក់ ក្នុងចំណោម៨០នាក់ ដែលស្ថិតនៅលើយន្តហោះ បានរងរបួស ក្នុងនោះ៣នាក់ ស្ថិតក្នុងសភាពធ្ងន់។ បើតាមអាកាសចរណ៍ Delta យន្តហោះខាងលើមានប្រភេទ CRJ900 ធ្វើប្រតិបត្តិការដោយបុត្រសម្ព័ន្ធរបស់ខ្លួន ហៅថា Endeavor Air និងមានផ្ទុកអ្នកដំណើរ៧៦នាក់ រួមជាមួយក្រុមការងារយន្តហោះ៤នាក់។ ជើងហោះហើរនោះ មានប្រភពមកពី​អាកាសយានដ្ឋាន Minneapolis-St. Paul នៃរដ្ឋ Minnesota របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលមុនពេលកើតហេតុ អាកាសយានដ្ឋាន Pearson បានអះអាងថា ខ្លួនត្រូវប្រឈមនឹងអាកាសធាតុ​ខ្យល់បោកបក់ខ្លាំង រួមជាមួយសីតុណ្ហភាពដ៏ត្រជាក់ ខណៈក្រុមហ៊ុនអាកាសចរណ៍ នាំគ្នាព្យាយាមធ្វើប្រតិបត្តិការជើងហោះហើរ ដែលខកខានរបស់ពួកគេឡើងវិញ ក្រោយបាតុភូតព្យុះព្រិលកាលពីចុងសប្តាហ៍កន្លងទៅ បានបង្កឱ្យមាន ព្រិលធ្លាក់កម្រាស់ជាង២២សង់ទីម៉ែត្រ នៅព្រលានយន្តហោះនោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News