ព័ត៌មានអន្តរជាតិ February 18, 2025

ជប៉ុន នឹងអនុញ្ញាតឱ្យពលរដ្ឋតៃវ៉ាន់ ចុះសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដោយប្រើឈ្មោះកោះតៃវ៉ាន់

Liny Chan

(តូក្យូ)៖ មន្រ្តីមួយរូបនៃក្រសួងយុត្តិធម៌ជប៉ុន បាននិយាយនៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈថា ជប៉ុនឹងអនុញ្ញាតឱ្យពលរដ្ឋមកពីតៃវ៉ាន់ ដាក់ឈ្មោះទីកំណើតរបស់ពួកគេ ថាមកពីតៃវ៉ាន់ជំនួសចិន នៅក្នុងការចុះសៀវភៅគ្រួសារ និងសៀវភៅស្នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅពេលពលរដ្ឋជប៉ុនរៀបការជាមួយជនបរទេស សញ្ជាតិ និងឈ្មោះប្តីប្រពន្ធ ត្រូវបានកត់ត្រាក្នុងប្រព័ន្ធចុះបញ្ជី របស់រដ្ឋបាលតំបន់ក្រោមច្បាប់ជប៉ុន។ បច្ចុប្បន្ន ប្រជាជនមកពីកោះតៃវ៉ាន់ ត្រូវបានកត់ត្រាថាមកពីប្រទេសចិន ក្រោមគោលនយោបាយចាប់ពីឆ្នាំ ១៩៧២ នៅពេលទីក្រុងតូក្យូ ងាកមកភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។

ប៉ុន្តែ​ មន្ត្រី​ក្រសួង​យុត្តិធម៌​ម្នាក់​បាន​ប្រាប់ AFP ថា «ចាប់ពី​ខែ​ឧសភា​តទៅ បន្ទាប់​ពី​ការ​កែប្រែ​ច្បាប់​របស់​ក្រសួង ឈ្មោះ​តៃវ៉ាន់ ​អាច​ត្រូវ​បាន​សរសេរ​ក្នុង​បញ្ជីជាតិតែម្តង»។ មន្រ្តីដដែលរូបនោះបន្ថែមថា សៀវភៅស្នាក់នៅរបស់ជប៉ុនសម្រាប់ជនបរទេស រយៈពេលមធ្យមទៅរយៈពេលវែង ក៏នឹងអនុញ្ញាតឱ្យជនជាតិតៃវ៉ាន់ ពណ៌នាថាពួកគេមកពីតៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះ ធ្វើឡើងតាមសំណើរបស់គូស្វាមីភរិយាតៃវ៉ាន់ ដែលចង់បញ្ជាក់អត្តសញ្ញាណពួកគេ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Hsiao Kuangwei បានប្រាប់អ្នកសារព័ត៌មានថា តៃវ៉ាន់ ស្វាគមន៍ចំពោះការសម្រេចចិត្តនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News