Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង ថាបញ្ចប់ទស្សនកិច្ចនៅវ៉ាស៊ីនតោន ជាមួយក្ដីសង្ឃឹមតិចតួច អាចគេចផុតពីការដំឡើងពន្ធរបស់លោក ត្រាំ

BY Liny Chan March 1, 2025
លោក ម៉ាក្រុង ថាបញ្ចប់ទស្សនកិច្ចនៅវ៉ាស៊ីនតោន ជាមួយក្ដីសង្ឃឹមតិចតួច អាចគេចផុតពីការដំឡើងពន្ធរបស់លោក ត្រាំ

(Reuters)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលស្គាល់កាលពីថ្ងៃសុក្រ ទី២៨ ខែកុម្ភៈថារូបលោកបានចាកចេញពីទីក្រុងវ៉ាស៊ីនតោន ក្រោយកិច្ចចរចាក្នុងសប្ដាហ៍នេះ ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយក្ដីសង្ឃឹមតិចតួចថាអឺរ៉ុបអាចគេចផុតពីការដំឡើងពន្ធគយពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ម៉ាក្រុង បាននិយាយថាយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់រដ្ឋបាលលោក ត្រាំ និងជាពិសេស ការយល់ដឹងអំពីការដំឡើងពន្ធគយបន្ថែមគឺមានគុណវិបត្តិច្រើន។ ២ថ្ងៃក្រោយលោក ម៉ាក្រុង បាន ជួបពិភាក្សាជាមួយលោក ត្រាំ នៅឯសេតវិមាន លោកប្រធានាធិបតីអាមេរិកបានលើកឡើងថារដ្ឋបាលរបស់លោក នឹងប្រកាសពីការដំឡើងពន្ធ២៥ភាគរយ លើទំនិញទាំងអស់នាំចូលពី សហភាពអឺរ៉ុប។ លោក ត្រាំ ក៏បានចោទប្រកាន់ផងដែរថាសហភាពអឺរ៉ុបត្រូវបានបង្កើតដើម្បីបោកបញ្ឆតសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុប កាលពីថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថាខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងរឹងមាំ និងភ្លាមៗប្រឆាំងនឹងរបាំងពាណិជ្ជកម្មដ៏អយុត្តិធម៌ណាមួយ ដើម្បីការធ្វើ ពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: