Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អូស្រ្តាលីនិងនូវែលសេឡង់ ចាប់ផ្តើមអនុវត្តគោលការណ៍ធ្វើដំណើរ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក រវាងប្រទេសទាំងពីរ

BY Khmerpress April 19, 2021
អូស្រ្តាលីនិងនូវែលសេឡង់ ចាប់ផ្តើមអនុវត្តគោលការណ៍ធ្វើដំណើរ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក រវាងប្រទេសទាំងពីរ

(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃចន្ទនេះ បានស្វាគមន៍ចំពោះការចាប់ផ្តើមអនុវត្ត នូវគោលការណ៍ធ្វើដំណើរដោយសេរី គឺពុំចាំបាច់ត្រូវធ្វើចត្តាឡីស័ក រវាងប្រទេសលោក និងប្រទេសនូវែសេឡង់ និងបាននិយាយសរសើរថា វាគឺជាជាការទទួលបានភាពឈ្នះ-ឈ្នះ សម្រាប់ប្រទេសជិតខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

ក្នុងសេចក្តីថ្លែងការណ៍រួមជាមួយនាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) លោក ម៉ូរីសុន បានលើកឡើងយ៉ាងដូច្នេះថា «ការសម្រេចបាននៃថ្ងៃនេះ គឺជាភាពឈ្នះ-ឈ្នះ សម្រាប់ប្រទេសអូស្រ្តាលី និងនូវែលសេឡង់។ វានឹងជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ចំពោះមុខវិបត្តិជំងឺរាតត្បាតសកល COVID-19 ជាពិសេសសម្រាប់វិស័យធ្វើដំណើរ និងទេសចរណ៍»

គួរបញ្ជាក់ថា ចាប់ពីថ្ងៃអាទិត្យនេះតទៅ ប្រជាជនអូស្រ្តាលី អាចធ្វើដំណើរទៅ-មកនូវែលសេឡង់ ដោយមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័កឡើយ ហើយខាងនូវែលសេឡង់ក៏ដូចគ្នា។ វាក៏ជាលើកទីមួយផងដែរ ដែលប្រជាជនអូស្រ្តាលី ទទួលបានឱកាសធ្វើដំណើរទៅក្រៅប្រទេស ដោយពុំមានការរឹតត្បិតបែបនេះ គិតចាប់តាំងពីអូស្រ្តាលីបានបិទព្រំប្រទល់របស់ខ្លួន តាំងតែពីខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: