Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីបិទក្រសួងអប់រំអាមេរិក

BY Liny Chan March 21, 2025
លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីបិទក្រសួងអប់រំអាមេរិក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានបំណងបិទក្រសួងអប់រំអាមេរិក ដែលនេះជាការបំពេញតាម ពាក្យសន្យាជាយូរណាស់មកហើយរបស់លោកទៅចំពោះក្រុមអ្នកនយោបាយអភិរក្សនិយម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយថារដ្ឋាភិបាលអាមេរិក បានចំណាយទៅលើសិស្ស ច្រើនជាងប្រទេសណាៗទាំងអស់ ប៉ុន្តែគុណភាពអប់រំស្ថិតនៅចំណាត់ថ្នាក់មិនល្អជាខ្លាំង ហើយលោកផ្ទាល់ចង់កាត់បន្ថយការចំណាយ។ តាមបទប្រតិបត្តិខាងលើ គោលនយោបាយអប់រំទាំងមូល និងសាលារៀននៅអាមេរិកនឹងត្រូវប្រគល់ទៅឱ្យរដ្ឋនីមួយៗជាគ្រប់គ្រងវិញ។ នៅឯពិធីចុះហត្ថលេខាមួយក្នុងបន្ទប់ East Room នៃសេតវិមាន លោក ត្រាំ បានបញ្ជាក់ថាបទបញ្ជាប្រតិបត្តិដែលលោកបានចុះហត្ថលេខា គឺជាជំហានដំបូងមួយឆ្ពោះទៅការរំលាយក្រសួងអប់រំ។ ក៏ប៉ុន្តែការបិទក្រសួងណាមួយនៅអាមេរិក មិនមែនសម្រេចដោយប្រធានាធិបតីតែម្នាក់​ឯង នោះទេ ដោយត្រូវឆ្លងកាត់ ឬទទួលបានការយល់ព្រមពីសភាទាំង២របស់សហរដ្ឋអាមេរិកជាមុនសិន។

ឧបសគ្គចម្បងរបស់លោក ត្រាំ គឺនៅ​ព្រឹទ្ធសភាអាមេរិក ជាទីដែលបក្សសាធារណរដ្ឋ គ្រប់គ្រង៥៣អាសនៈ។ ប៉ុន្តែសេចក្តីព្រាងច្បាប់ធំៗ ដូចជាច្បាប់ដើម្បីបិទក្រសួង​ ជាដើម ត្រូវការសំឡេងគាំទ្រសរុប៦០អាសនៈ ក្នុងចំណោមអាសនៈសរុប១០០ ពោលគឺត្រូវការការគាំទ្រពីសមាជិកបក្សប្រជាធិបតេយ្យ យ៉ាងហោច៦នាក់។ ពុំទាន់មានសញ្ញាបង្ហាញថា សមាជិកបក្សប្រជាធិបតេយ្យ នៅព្រឹទ្ធសភាអាមេរិក នឹងគាំទ្រការរំលាយក្រសួងអប់រំ នៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: