Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្រ្តីថៃ ថាមនុស្សយ៉ាងហោច ៣នាក់បានបាត់បង់ជីវិត ក្នុងករណីរលំអគារដោយសាររញ្ជួយដី ខណៈមានកម្មករសរុប ៨១នាក់ ដែលជាប់ក្រោមនោះ

BY Liny Chan March 28, 2025
ឧបនាយករដ្ឋមន្រ្តីថៃ ថាមនុស្សយ៉ាងហោច ៣នាក់បានបាត់បង់ជីវិត ក្នុងករណីរលំអគារដោយសាររញ្ជួយដី ខណៈមានកម្មករសរុប ៨១នាក់ ដែលជាប់ក្រោមនោះ

(បាងកក)៖ ឧបនាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានឱ្យដឹងថា កម្មករយ៉ាងហោច៣នាក់ បានបាត់បង់ជីវិត នៅពេលអគារខ្ពស់១ខ្នង កម្ពស់ប្រមាណ៣០ជាន់ ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់ បានដួលរលំនាថ្ងៃសុក្រនេះ ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ឧបនាយករដ្ឋមន្រ្តីថៃ លោក Phumtham Wechayachai បាននិយាយថា មានកម្មករសរុប៨១នាក់ បានជាប់ខ្លួននៅក្រោមគំនរបាក់បែក ក្រោយការបាក់ស្រុតអគារខាងលើ ដែលកើតឡើងនៅភាគខាងជើងទីក្រុងបាងកក ដោយសារឥទ្ធិពលរំញ័រ នៃគ្រោះរញ្ជួយផែនដីកម្រិតរហូតដល់៧.៧រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាឯណោះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ បានប្រកាសដាក់ទីក្រុងបាងកក ជាតំបន់រងគ្រោះមហន្តរាយកម្រិតទី២ ហើយអភិបាលក្រុង លោក Chadchart Sittipunt ត្រូវបានបង្គាប់ឱ្យទទួលបន្ទុកដឹកនាំសម្របសម្រួល កិច្ចប្រឹងប្រែងឆ្លើយតបគ្រោះមហន្តរាយ។ បើតាមលោក Chadchart គ្រោះរញ្ជួយដី បានបង្កឱ្យមានការខូចខាតចំពោះ អគារខ្ពស់ៗជាច្រើន នៅបាងកក។ ស្របពេល​ជើងហោះហើរចេញចូលទីក្រុងបាងកក នៅប្រតិបត្តិការជាធម្មតា ក្រសួងដឹកជញ្ជូនថៃ បានសម្រេចឱ្យផ្អាកសេវាដឹកជញ្ជូនសាធារណៈ ដូចជារថយន្តក្រុង និងរថភ្លើង ជាបណ្តោះអាសន្ន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: