Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ស៉ី ជីនពីង និងលោក ពូទីន ចូលរួមរំលែកទុក្ខ ហើយបញ្ជូនក្រុមសង្រ្គោះចិននិងរុស្ស៉ី ទៅជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

BY Liny Chan March 29, 2025
លោក ស៉ី ជីនពីង និងលោក ពូទីន ចូលរួមរំលែកទុក្ខ ហើយបញ្ជូនក្រុមសង្រ្គោះចិននិងរុស្ស៉ី ទៅជួយមីយ៉ាន់ម៉ា ដែលរងគ្រោះរញ្ជួយដី

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចូលរួមរំលែកទុក្ខជាមួយមីយ៉ាន់ម៉ា ដែលបានរងគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ ហើយបានបញ្ជូនក្រុមសង្រ្គោះចិននិងរុស្ស៉ី ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកិច្ចប្រឹងប្រែងសង្រ្គោះ ដោយផ្ទាល់ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS។

លោក ស៉ី និងលោក ពូទីន បានផ្ញើសារចូលរួមរំលែកទុក្ខរៀងៗខ្លួន ទៅកាន់ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ដោយបានបង្ហាញភាពសោកសៅយ៉ាងជ្រាលជ្រៅ ចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិត ហើយជូនពរដល់អ្នកដែលរងផលប៉ះពាល់ទាំងអស់ អាចឆាប់ងើបឡើងវិញ។ នៅថ្ងៃសៅរ៍នេះ ក្រុមសង្រ្គោះចិនបានទៅដល់ប្រទេសមីយ៉ាន់ម៉ា ហើយក្រុមអ្នកជួយសង្រ្គោះនិងគ្រូពេទ្យរបស់រុស្ស៉ី ក៏បានទៅដល់ដូចគ្នាផងដែរ ដើម្បីជួយគាំទ្រប្រតិបត្តិការសង្រ្គោះ នៅទីនោះផ្ទាល់។ របបសឹកមីយ៉ាន់ម៉ាបានដាក់តំបន់ចំនួន៦ ក្រោមភាពអាសន្ន ហើយអំពាវនាវរកការផ្តល់ជំនួយពីអន្តរជាតិ។

គួរបញ្ជាក់ថា តួលេខចុងក្រោយបំផុត បានបង្ហាញថា មានមនុស្សស្លាប់ចំនួន១០០២នាក់ និងរបួស២៣៧៦នាក់ នៅមីយ៉ាន់ម៉ា បន្ទាប់ពីការវាយប្រហារនៃគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រ ចំភាគកណ្តាលប្រទេសអាស៊ានមួយនេះ ខណៈតួលេខត្រូវគេរំពឹងថា នឹងនៅបន្តកើនថែមទៀត។ ចំណែក នៅប្រទេសថៃឯណោះវិញ ដែលបានទទួលរងឥទ្ធិពលរំញ័រខ្លាំង ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាដែរនោះ មានមនុស្សយ៉ាងហោច ១០នាក់ស្លាប់ និងបាត់ខ្លួន១០១នាក់ នៅការដ្ឋានសំណង់៣កន្លែង ក្នុងទីក្រុងបាងកក រួមមានទាំងអគារកំពុងសាងសង់កម្ពស់ ៣០ជាន់ ដែលបានដួលរលំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: