Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ករណីជាង ៧០០ទាក់ទងនឹងស្ថានភាពសំណង់អគារ ក្នុងប្រទេសថៃ នឹងត្រូវពិនិត្យឡេីងវិញ ក្រោយការរញ្ជួយដី

BY Nisaiy KP March 30, 2025
ករណីជាង ៧០០ទាក់ទងនឹងស្ថានភាពសំណង់អគារ ក្នុងប្រទេសថៃ នឹងត្រូវពិនិត្យឡេីងវិញ ក្រោយការរញ្ជួយដី

(បាងកក)៖ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា រដ្ឋបាលក្រុងនឹងត្រួតពិនិត្យលេីករណីជាង ៧០០ ជុំវិញការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋធានី បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រនៅមីយ៉ាន់ម៉ាដែលជាប្រទេសជិតខាង បញ្ជូនរលកនៃការរញ្ជួយមកទូទាំងប្រទេសថៃកាលពីថ្ងៃសុក្រ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥។

លោកអភិបាលក្រុងនិយាយថា រដ្ឋបាលក្រុងទទួលបានសេចក្តីការណ៍ចំនួន ២ ០០០ ទាក់ទងនឹងការខូចខាតដែលបណ្តាលមកពីការរញ្ជួយដី។ ការត្រួតពិនិត្យជំហានដំបូងត្រូវធ្វេីទៅលេីករណីធ្ងន់ធ្ងរបំផុតជាមុនសិន។ លោក Chadchart បញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រង Traffy Fondue អាចកំណត់កូអរដោណេភូមិសាស្រ្តសម្រាប់ការត្រួតពិនិត្យជំហានដំបូង ហេីយក្រុមវិស្វករស្ម័គ្រចិត្ដនឹងធ្វើការស្ទង់មតិដោយមិនចាំបាច់ចុះទៅដល់កន្លែងផ្ទាល់។

អភិបាលរងក្រុងបាងកក លោក Wisanu Subsompon បាននិយាយថា ក្រសួងសាធារណការថានឹងពិនិត្យលេីហេដ្ឋរចនាសម្ព័ន្ធរដ្ឋាភិបាល ខណៈដែលរដ្ឋបាលក្រុង ជាអ្នកពិនិត្យករណីដែលរាយការណ៍ពីប្រជាពលរដ្ឋ។ ករណីជាង ៧០០នេះ ត្រូវបានកំណត់ឱ្យដោះស្រាយតាមលំដាប់លំដោយនៃភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា នាយកដ្ឋានឧតុនិយមបានរាយការណ៍ពីការរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រជាថ្មីម្តងទៀត នៅប្រទេសមីយ៉ាន់ម៉ា វេលាម៉ោង ៤៖២០នាទីល្ងាចថ្ងៃសៅរ៍នេះ​ ប៉ុន្តែមិនបានប៉ះពាល់ដល់ប្រទេសថៃនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: