ព័ត៌មានអន្តរជាតិ April 3, 2025

អតីតប្រធានាធិបតីឡាវ លោក Khamtai Siphandone ទទួលមរណភាពក្នុងវ័យ ១០១ឆ្នាំ

Liny Chan

(វៀងចន្ទន៍)៖ អតីតប្រធានាធិបតីឡាវ លោក Khamtai Siphandone បានទទួលមរណភាពក្នុងអាយុ ១០១ឆ្នាំ នៅឯផ្ទះរបស់លោក ក្នុងទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី២ ខែមេសា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Laotiantimes។

រដ្ឋាភិបាលឡាវ បានប្រកាសថាចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមេសា ឡាវនឹងត្រូវកាន់ទុក្ខចាប់ពីម៉ោង ៨៖៣០នាទីព្រឹក រហូតដល់ម៉ោង ២៖០០នាទីរសៀល ហើយចាប់ពីម៉ោង២៖០០នាទីរសៀលដល់ម៉ោង ៥៖០០នាទីល្ងាច នៅឯមជ្ឈមណ្ឌលសន្និបាតជាតិ។ អំឡុងពេលកាន់ទុក្ខនេះដែរ រាល់សកម្មភាពកម្សាន្ត និងការប្រកួតប្រជែងកីឡាទាំងអស់ត្រូវបានហាមឃាត់។ ចំណែក ពិធីបុណ្យសពនឹងត្រូវបានធ្វើឡើង នៅឯវត្ត That Luang នៅថ្ងៃទី៧ ខែមេសា ដោយនឹងចាប់ផ្ដើមនៅម៉ោង ១៖០០នាទីរសៀល។

គួរបញ្ជាក់ថា លោក Khamtai Siphandone កើតនៅឆ្នាំ១៩២៤ ក្នុងភូមិ Huakhongphayai នៃស្រុក Khong មកពីគ្រួសារមានជីវភាពខ្សត់ខ្សោយ។ លោកបានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៩១ និងបាន កាន់តំណែងជាប្រធានាធិបតីចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦។ លោក Sonexay Siphandone ដែលជានាយករដ្ឋមន្ត្រីឡាវសព្វថ្ងៃ គឺជាកូនប្រុសរបស់លោក Khamtai Siphandone៕ ផ្ដល់សិទ្ធិដោយ៖ Fresh News