Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

iPhone 16 Pro Max អាចនឹងមានតម្លៃជិត ២,៣០០ដុល្លារ ដោយសារ ដូណាល់ ត្រាំ ដំឡើងពន្ធ

BY Naren April 5, 2025
iPhone 16 Pro Max អាចនឹងមានតម្លៃជិត ២,៣០០ដុល្លារ ដោយសារ ដូណាល់ ត្រាំ ដំឡើងពន្ធ

(បរទេស)៖ ក្រុមអ្នកវិភាគបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទូរស័ព្ទ iPhone អាចនឹងមានតម្លៃថ្លៃជាងមុនក្នុងពេលឆាប់ៗខាងមុខ ដោយសារពន្ធគយ។ ទាំងនេះ គឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយជាបន្តបន្ទាប់លើប្រទេសជុំវិញពិភពលោក ដែលអាចនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវទិដ្ឋភាពនៃពាណិជ្ជកម្មពិភពលោក ហើយទំនិញប្រើប្រាស់ដូចជា iPhones អាចស្ថិតក្នុងចំណោមផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត ជាមួយនឹងការកើនតម្លៃចន្លោះពី ៣០% ទៅ ៤០%។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។

Apple គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតយក្ស ដោយក្នុងមួយឆ្នាំក្រុមហ៊ុននេះលក់ iPhone បានជាង​ ២២០លានគ្រឿង។ ទីផ្សារធំបំផុតរបស់ Apple រួមមាន សហរដ្ឋអាមេរិក ចិន និងអឺរ៉ុប។ យ៉ាងណាមិញ​ បើយោងតាមរបាយការណ៍ព្យាករណ៍របស់អ្នកវិភាគនៅ Rosenblatt Securities បានបង្ហាញថា នឹងមានការកើនឡើងថ្លៃខ្ទង់ ៤៣% ដោយ iPhone 16 ធម្មតាបច្ចុប្បន្នដាក់លក់នៅអាមេរិកមានតម្លៃ ៧៩៩ដុល្លារ ប៉ុន្តែអាចនឹងឈានដល់ ១,១៤៥ដុល្លារនាពេលខាងមុខ។ ខណៈ iPhone 16 Pro Max ទំហំផ្ទុក 1T (១ តេហ្គាបៃ) បច្ចុប្បន្នមានតម្លៃ ១,៥៩៩ដុល្លារ ហើយអាចនឹងមានតម្លៃជិត ២,៣០០ដុល្លារ នៅពេលដែល Apple នាំចេញទៅក្រៅ ប្រសិនបើពន្ធត្រូវបានបញ្ចូល។

គួរជមម្រាបថា iPhone ភាគច្រើននៅតែផលិតនៅក្នុងប្រទេសចិន ដែលត្រូវបានវាយលុកដោយពន្ធ ៥៤% តាមរយៈការប៉ាន់ស្មានប្រហែល ៨០% នៃសមត្ថភាពផលិតរបស់ Apple គឺពឹងផ្អែកនៅទីនោះ។ ទាក់ទិននឹងករណីនេះ បើទោះបីជាផលិតកម្មមួយចំនួនកំពុងផ្លាស់ប្តូរទៅកាន់ប្រទេសវៀតណាម និងឥណ្ឌាក៏ដោយ ក៏ប្រទេសទាំងនេះប្រឈមនឹងពន្ធ ៤៦% និង ២៦% រៀងៗខ្លួនផងដែរ ដែលជាហេតុធ្វើឱ្យតម្លៃ iPhone កើនឡើងថ្លៃខ្លាំងបែបនេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: