TikTok នឹងមាននៅលើ App Store អាមេរិករយៈពេល ៧៥ថ្ងៃបន្ថែមទៀត បន្ទាប់ពីមានការធានាពីអគ្គមេធាវីលោកស្រី Pam Bondi
(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុន Apple នឹងនៅរក្សាទុក TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance នៅលើ App Store របស់ខ្លួនយ៉ាងហោចណាស់ ៧៥ថ្ងៃទៀត បន្ទាប់ពីទទួលបានការធានាពីអគ្គមេធាវីលោកស្រី Pam Bondi។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៦ ខែមេសា ឆ្នា២០២៥។

ការសម្រេចនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីពន្យាពេលកំណត់ការហាមឃាត់ TikTok ជាលើកទីពីរ។ TikTok នឹងត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក លុះត្រាតែក្រុមហ៊ុន ByteDance របស់ចិនព្រមលក់ប្រតិបត្តិការអាមេរិករបស់ខ្លួនក្រោមច្បាប់សន្តិសុខជាតិដែលបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីលោក Joe Biden ក្នុងខែមេសា ឆ្នាំ២០២៤។
យោងតាមប្រភពដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា លោកស្រី Bondi បានសរសេរនៅក្នុងលិខិតមួយទៅកាន់ Apple ថាក្រុមហ៊ុនគួរតែធ្វើសកម្មភាពស្របតាមការពន្យាពេលកំណត់របស់ ត្រាំ ហើយថា វាមិនត្រូវបានពិន័យសម្រាប់ការធ្វើជាម្ចាស់ផ្ទះវេទិកានោះទេ។ យ៉ាងណា ជុំវិញរបាយការណ៍នេះ Apple មិនមានការឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយអនុញ្ញាតឱ្យ TikTok បន្តនៅលើ App Store នោះទេ។
គួរជម្រាបថា ការពន្យារពេលនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក ត្រាំ បានប្រកាសតម្លើងពន្ធចំនួន ៥៤% លើប្រទេសចិន។ មុនពេលការប្រកាសពន្ធបន្ថែមនៅថ្ងៃទី០២ ខែមេសា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថាលោកអាចកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងសម្រាប់ ByteDance ដើម្បីលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក។ លោក ត្រាំ បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីខែមីនាថា «ប្រហែលជាខ្ញុំនឹងផ្តល់ឱ្យពួកគេនូវការកាត់បន្ថយពន្ធតិចតួច ឬអ្វីមួយដើម្បីធ្វើឱ្យវារួចរាល់»។ «TikTok គឺសំខាន់ ប៉ុន្តែរាល់ចំណុចនៅក្នុងពន្ធមានតម្លៃច្រើនជាង TikTok»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News






