ព័ត៌មានអន្តរជាតិ April 17, 2025

ចិន ថានឹងមិនយកចិត្តទុកដាក់ឡើយ ចំពោះល្បែងដំឡើងពន្ធរបស់សហរដ្ឋអាមេរិក

Liny Chan

(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា បាននិយាយថាចិននឹងមិនយកចិត្តទុកដាក់ឡើយ បើទោះជាសហរដ្ឋអាមេរិកនៅតែបន្តលេងល្បែងដំឡើងពន្ធក៏ដោយ បន្ទាប់ពីសេតវិមានព្រមានថាចិនថា អាចនឹងប្រឈមនឹងការយកពន្ធគយរហូតដល់ទៅ២៤៥ភាគរយ ដោយសារតែវិធានការសងសឹករបស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេតវិមាន កាលពីថ្ងៃអង្គារកន្លងទៅនេះ បានបង្ហើបឱ្យដឹងថាពន្ធគយសរុបលើទំនិញនាំចូលពីចិន ក្នុងនោះរួមមានការយកពន្ធគយទៅវិញទៅមក ១២៥ភាគរយ ពន្ធគយ ២០ភាគរយដើម្បីដោះស្រាយវិបត្តិថ្នាំញៀន fentanyl ព្រមទាំងពន្ធគយចន្លោះពី ៧.៥ភាគរយ ដល់១០០ភាគរយ ដើម្បីដោះស្រាយការធ្វើពាណិជ្ជកម្មមិនយុត្តិធម៌។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ចិនបានដាក់ពាក្យបណ្ដឹងថ្មីមួយទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក ដោយចោទ វ៉ាស៊ីនតោន ថាកំពុងរំលោភបំពានលើច្បាប់ពាណិជ្ជកម្មសកលរបស់អង្គការ WTO។ វ៉ាស៊ីនតោនវិញបាននិយាយថាលោក ត្រាំ បើកចំហទ្វារដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ប៉ុន្តែថាប៉េកាំងគួរតែ ធ្វើសកម្មភាពមុន ដោយទទូចថាចិនត្រូវការលុយរបស់អាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News