ព័ត៌មានអន្តរជាតិ April 21, 2025

បាងកកប៉ុស្តិ៍៖ នាយករដ្ឋមន្ត្រីថៃ នឹងទស្សនកិច្ចនៅកម្ពុជានាសប្តាហ៍នេះ

Liny Chan

(ភ្នំពេញ)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃបាងកកប៉ុស្តិ៍ បានឱ្យដឹងថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

យោងតាមការចេញផ្សាយរបស់បាងកកប៉ុស្តិ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លាកសញ្ញាប្រារព្ធខួប៧៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ ហើយក៏នឹងចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ។

ដំណើរទស្សនកិច្ចនេះ លោកស្រីនាយករដ្ឋមន្ត្រីថៃ ក៏នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News