Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អត្រាគាំទ្ររបស់លោក ត្រាំ ធ្លាក់ចុះ ចំពោះមុខការព្រួយបារម្ភពីការពង្រីកអំណាចរបស់លោក

BY Liny Chan April 22, 2025
អត្រាគាំទ្ររបស់លោក ត្រាំ ធ្លាក់ចុះ ចំពោះមុខការព្រួយបារម្ភពីការពង្រីកអំណាចរបស់លោក

(វ៉ាស៊ីនតោន)៖ អត្រាគាំទ្ររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមួយ ចាប់តាំងពីរូបលោកត្រឡប់មកដឹកនាំសេតវិមានក្នុងអាណត្តិទី២ ខណៈប្រជាជនអាមេរិកបង្ហាញការមិនទុកចិត្ត និងការព្រួយបារម្ភចំពោះកិច្ចប្រឹងប្រែងក្នុងការពង្រីកអំណាចរបស់លោក។ នេះបើតាមការស្ទង់មតិមួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការស្ទង់មតិខាងលើដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Reuters និងស្ថាប័ន Ipsos poll និងបានបិទបញ្ចប់កាលពីថ្ងៃចន្ទ ទី២១ ខែមេសា បានរកឃើញថា ៤២ភាគរយនៃប្រជាជនអាមេរិកត្រូវបានសម្ភាសន៍ ក្នុងការស្ទង់មតិមានរយៈពេល៦ថ្ងៃ បានបង្ហាញការគាំទ្រចំពោះបំពេញការងាររបស់លោក ត្រាំ ក្នុងនាមជាប្រធានាធិបតី។ អត្រាគាំទ្រនេះបានធ្លាក់ចុះពី៤៣ភាគរយ នៅក្នុងការស្ទង់មតិ Reuters និងស្ថាប័ន Ipsos poll កាលពី៣សប្ដាហ៍មុន និងធ្លាក់ចុះពី៤៧ភាគរយ នៅប៉ុន្មានម៉ោងបន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោក ត្រាំ កាលពីថ្ងៃទី២០ ខែមករា។

គួរបញ្ជាក់ថា ចាប់តាំងពីចាប់ផ្ដើមអាណត្តិទី២មក លោក ត្រាំ បានធ្វើឱ្យក្រុមអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសក្រោយរូបលោកចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើនដែលគេ មើលឃើញថាមានចេតនាពង្រីកអំណាចរបស់លោកទាំងលើក្រសួងនានារបស់រដ្ឋាភិបាល និងស្ថាប័នឯកជន ក្នុងនោះមានដូចជាសាកលវិទ្យាល័យ និងក្រុមហ៊ុនច្បាប់ជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: