Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចិន ដាក់បន្ទុកលើពន្ធគយអាមេរិក ជាហេតុធ្វើឱ្យការទទួលយកយន្តហោះ Boeing ត្រូវបញ្ឈប់

BY Liny Chan April 29, 2025
ចិន ដាក់បន្ទុកលើពន្ធគយអាមេរិក ជាហេតុធ្វើឱ្យការទទួលយកយន្តហោះ Boeing ត្រូវបញ្ឈប់

(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃអង្គារ ទី២៩ ខែមេសា បានបន្ទោសលើពន្ធគយរបស់សហរដ្ឋអាមេរិក ថាជាហេតុដែលនាំឱ្យទីក្រុងប៉េកាំង សម្រេចចិត្តឈប់ទទួលយកយន្តហោះថ្មី ពីក្រុមហ៊ុនអាកាសចរណ៍យក្ស Boeing ដោយនិយាយថា ពន្ធគយនេះរំខានដល់ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នាយកប្រតិបត្តិក្រុមហ៊ុន Boeing បានបញ្ជាក់កាលពីសប្តាហ៍មុនថា ចិនឈប់ទទួលយកយន្តហោះថ្មីពីក្រុមហ៊ុនហើយ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម។ បើតាមក្រសួងពាណិជ្ជកម្មចិន ការ​អនុវត្ត​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​ ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ស្ថិរភាព​នៃ​ខ្សែចង្វាក់​ឧស្សាហកម្ម​ និង​​ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ អ្នកនាំពាក្យមួយរូបរបស់ក្រសួងបញ្ជាក់ថា «កិច្ចសហការរវាងក្រុមហ៊ុន​អាកាសចរណ៍​ចិន ​ជាមួយក្រុមហ៊ុន ​Boeing នៅ​អាមេរិក​ ត្រូវរង​គ្រោះ​​ខ្លាំង»។

គួរបញ្ជាក់ថា ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក បានឈានដល់កម្រិត ១៤៥ភាគរយលើផលិតផលជាច្រើនរបស់ចិន ខណៈទីក្រុងប៉េកាំងបានឆ្លើយតបវិញ ដោយយកពន្ធ ១២៥ភាគរយលើការនាំចូលពីសហរដ្ឋអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: