ព័ត៌មានអន្តរជាតិ May 18, 2025

រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការបញ្ជូនប្រជាជនប៉ាឡេស្ទីន ១លាននាក់ទៅកាន់លីប៊ី 

Nisaiy KP

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងរៀបចំផែនការមួយដើម្បីបញ្ជូនប្រជាជនប៉ាឡេស្ទីន ជាង១លាននាក់ចេញពីតំបន់ហ្កាហ្សាឱ្យទៅរស់នៅអចិន្ត្រៃយ៍ នៅក្នុង ប្រទេសលីប៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC News។

នៅក្នុងអត្ថបទផ្ដាច់មុខមួយរបស់ខ្លួន NBC News ដោយផ្អែកលើប្រភពចំនួន៥ដែលដឹងពីផែនការខាងលើ បានឱ្យដឹងទៀតថាផែនការជម្លៀសប្រជាជនប៉ាឡេស្ទីន កំពុងស្ថិតនៅក្រោមការពិចារណា យ៉ាងហ្មត់ចត់ ហើយរដ្ឋបាលលោក ត្រាំ បានពិភាក្សាពីផែនការនេះជាមួយថ្នាក់ដឹកនាំលីប៊ី។ តាមប្រភពដែល NBC News ទទួលបាន ជាថ្នូរទៅនឹងការទទួលយកប្រជាជនប៉ាឡេស្ទីន រដ្ឋបាលលោក ត្រាំ នឹងផ្ដល់ឱ្យលីប៊ីវិញនូវមូលនិធិរាប់ពាន់លានដុល្លារដែលសហរដ្ឋអាមេរិកបានបង្កកទុកកាលពីជាង១០ឆ្នាំមុន។

មិនទាន់មានការឈានដល់ការសម្រេចចិត្តចុងក្រោយណាមួយនៅឡើយទេ។ ចំណែក ខាងក្រសួងការបរទេសអាមេរិក និងក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ នៅពេល ត្រូវបានស្នើសុំឱ្យបំភ្លឺជុំវិញការចុះផ្សាយរបស់ NBC News។ ប៉ុន្តែក្រោយការចុះផ្សាយព័ត៌មាននេះដែរ អ្នកនាំពាក្យម្នាក់រដ្ឋាភិបាលអាមេរិកបានប្រាប់ NBC News ព័ត៌មានជម្លៀសប្រជាជនប៉ាឡេស្ទីន ចេញពីហ្កាហ្សា ទៅកាន់លីប៊ី គឺជាព័ត៌មានមិនពិតនោះទេ។ «ស្ថានភាពជាក់ស្ដែងមិនអំណោយផលចំពោះផែនការបែបនេះទេ ហើយផែនការបែបនេះទៀតសោតមិនត្រូវបានពិភាក្សា និងគ្មានន័យអ្វីទេ»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យរបស់រដ្ឋាភិបាលអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ម្យ៉ាង ការបញ្ជូនប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់ទៅកាន់លីប៊ីដែលកំពុងក្រីក្រស្រាប់ អាចនឹង កាន់តែធ្វើឱ្យប្រទេសមួយនេះធ្លាក់ចូលក្នុងវិបត្តិរឹតតែធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានសម្លឹងឃើញលីប៊ីជាកន្លែងមួយដែលលោក ត្រាំ ចង់បញ្ជូនជនអន្តោប្រវេសន៍ដែលលោកចង់បណ្ដេញចេញពី សហរដ្ឋអាមេរិកឱ្យទៅរស់នៅទីនោះផងដែរ។ ប៉ុន្តែ ផែនការបញ្ជូនអន្តោប្រវេសន៍មួយក្រុមទៅកាន់លីប៊ី កំពុងជាប់គាំង ដោយសារមានការជំទាស់ពីចៅក្រមសហព័ន្ធម្នាក់ក្នុងខែឧសភានេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews