Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៉ី៖ ការរអិលបាក់ដីនៅអណ្តូងរ៉ែមាស បណ្តាលឱ្យមនុស្ស ៦នាក់បាត់បង់ជីវិត និងបាត់ខ្លួន ១៤នាក់

BY Liny Chan May 19, 2025
ឥណ្ឌូណេស៉ី៖ ការរអិលបាក់ដីនៅអណ្តូងរ៉ែមាស បណ្តាលឱ្យមនុស្ស ៦នាក់បាត់បង់ជីវិត និងបាត់ខ្លួន ១៤នាក់

(ហ្សាកាតា)៖ ក្រុមមន្ត្រីឥណ្ឌូណេស៉ី បានឱ្យដឹងថា ការរអិលបាក់ដីនៅអណ្តូងរ៉ែមាសមួយ ក្នុងតំបន់ Papua ភាគខាងកើតបំផុតនៃប្រទេស បានសម្លាប់កម្មករ ៦នាក់ និងរបួស ៤នាក់ ខណៈភ្លៀងធ្លាក់ខ្លាំង បង្ខំឱ្យដំណើរការស្វែងរកអ្នកបាត់ខ្លួន ១៤នាក់ ត្រូវផ្អាកបណ្តោះអាសន្ន នៅថ្ងៃចន្ទ ទី១៩ ខែឧសភានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមអ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៉ី លោក Abdul Muhari ភ្លៀងបានបង្កឱ្យមានការរអិលបាក់ដី កាលពីថ្ងៃសុក្រសប្តាហ៍មុន និងធ្វើឱ្យបាក់អណ្តូងរ៉ែតូចមួយ ដែលដំណើរការដោយអ្នកស្រុក នៅតំបន់ភ្នំ Arfak នៃខេត្ត West Papua។

ប្រធានក្រុមជួយសង្គ្រោះ លោក Yefri Sabaruddin និយាយថា កិច្ចខិតខំប្រឹងប្រែងស្វែងរក ត្រូវរារាំងដោយសារតែផ្លូវខូច ស្ថានភាពផ្លូវភ្នំ ព្រមទាំងអាកាសធាតុអាក្រក់។ ក្រុមអ្នកជួយសង្គ្រោះចំនួន ៤០នាក់ រួមទាំងមន្ត្រីប៉ូលិស និងយោធា បានរកឃើញសាកសពមនុស្ស ៦នាក់។

គ្រោះមហន្តរាយ​នេះ បាន​លេប​ត្របាក់​ជម្រក​បណ្ដោះអាសន្នរបស់កម្មករ​រ៉ែ។ អាជ្ញាធរ​ នឹង​បន្តការស្វែងអ្នកបាត់ខ្លួន ១៤នាក់ ​​នៅ​ថ្ងៃ​អង្គារស្អែក​។ តាមលោក​ Sabaruddin ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កើតហេតុ ត្រូវចំណាយពេល ១២ម៉ោង​ពី​ក្រុង​ដែលនៅជិត​បំផុត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: