ព័ត៌មានអន្តរជាតិ July 23, 2025

Mainichi៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba មានគម្រោងប្រកាសលាលែងពីតំណែងនៅខែក្រោយ

Liny Chan

(តូក្យូ)៖ កាសែតជប៉ុន Mainichi បានរាយការណ៍នៅថ្ងៃពុធ ទី២៣ ខែកក្កដាថានាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba មានគម្រោងប្រកាសលាលែងចេញពីតំណែង នៅមុនដំណាច់ខែសីហាខាងមុខ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Ishiba កំពុងប្រឈមមុខនឹងការជំទាស់កាន់តែខ្លាំងឡើង នៅក្នុងជួរផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) របស់លោក បន្ទាប់ពីរូបលោកប្ដេជ្ញាបន្តកាន់ តំណែងជានាយករដ្ឋមន្ត្រី បើទោះក្រុមចម្រុះកាន់អំណាចរបស់ទទួលបរាជ័យក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលពីថ្ងៃអាទិត្យសប្ដាហ៍ក៏ដោយ។ ដោយឡែក កាសែតជប៉ុន មួយផ្សេងទៀតគឺ Yomiuri ក៏បានរាយការណ៍ដែរថាលោក Ishiba បានប្រាប់មនុស្សជំនិតរបស់លោកកាលពីល្ងាចថ្ងៃអង្គារម្សិលមិញថាលោកនឹងពន្យល់ថាតើលោកនឹងទទួល ខុសត្រូវលើបរាជ័យរបស់បក្សក្នុងការបោះឆ្នោតសភាជាន់ខ្ពស់យ៉ាងដូចម្ដេច នៅពេលមានដំណោះស្រាយមួយត្រូវបានឈានដល់ក្នុងការចរចាពាណិជ្ជកម្មជាមួយអាមេរិក។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់អាស៊ី) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មមួយជាមួយជប៉ុន ដែលលោកអះអាងថាជប៉ុននឹងវិនិយោគ ៥៥០ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក និងបង់ពន្ធគយបដិការ១៥ភាគរយ។ បន្ទាប់ពីការបង្ហោះ របស់លោក ត្រាំ លោក Ishiba បាននិយាយថារូបលោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបដោយផ្ទាល់ ឬពិភាក្សាតាមទូរស័ព្ទជាមួយលោក ត្រាំ។ «ខ្ញុំមិនទាន់អាចនិយាយអ្វីទេ រហូតទាល់តែខ្ញុំពិនិត្យលម្អិតលើលទ្ធផលនៃកិច្ចព្រមព្រៀងជាមុនសិន»។ នេះជាការគូសបញ្ជាក់របស់លោក Ishiba នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរថាតើ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន អាចនឹងជះឥទ្ធិពលយ៉ាងដូចម្ដេចលើការសម្រេចចិត្តថាតើត្រូវលាលែងចេញពីតំណែង ឬក៏យ៉ាងណា?

គួរបញ្ជាក់ថា នៅក្នុងការពន្យល់ថាពីការសម្រេចចិត្តបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី លោក Ishiba បានសង្កត់ធ្ងន់ពីភាពចាំបាច់ដើម្បីបញ្ចៀសការបង្កើតចន្លោះប្រហោងទំនេរ ផ្នែកនយោបាយ ខណៈជប៉ុនប្រឈមនឹងបញ្ហាប្រឈមជាច្រើន ក្នុងនោះរួមមានកិច្ចចរចាពាណិជ្ជកម្មដ៏ពិបាកជាមួយសហរដ្ឋអាមេរិកដែលអាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរសេដ្ឋកិច្ច ជប៉ុនដែលពឹងផ្អែកលើការនាំចេញ៕​ ផ្ដល់សិទ្ធិដោយ៖ Fresh News