សាលារៀនប្រមាណ ២៦០ទីតាំងក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង ដោយសារការឈ្លានពានរបស់ថៃ
(ឧត្តរមានជ័យ)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ សាលារៀនប្រមាណ ២៦០ទីតាំងក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង ដោយសារការឈ្លានពានទាំងកម្រោលរបស់ថៃ ដែលបានចាប់ផ្តើមឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ នេះបើយោងតាមលោក មាស ម៉េត ភក្តី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ។

លោកបានបញ្ជាក់ថា «ដោយសារចោរឈ្លានពានល្មោភសង្គ្រាម ឃ្លានទឹកដីគេសាលារៀនទាំងអស់ ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង»។
អមជាមួយនឹងរូបភាពដែលបង្ហាញពីភាពស្ងាត់ជ្រងំ នៅក្នុងអនុវិទ្យាល័យសម្តេច ហ៊ុន សែន ចុងកាល់ លោកបានលើកឡើងថា ការវាយប្រហារនូវអាវុធធុនធ្ងន់របស់ថៃ បានធ្វើឱ្យអាណាព្យាបាល និងសិស្សានុសិស្សមានភាពភ័យខ្លាច និងមិនអនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមករៀនឡើយ។
ជាមួយគ្នានេះ លោកបានបញ្ជាក់ គិតត្រឹមពេលថ្ងៃត្រង់ថ្ងៃទី២៥ ខែកក្កដានេះ ជនភៀសសឹកសរុបចំនួន ៣ ៤៣៦គ្រួសារក្នុងខេត្តឧត្តរមានជ័យ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពទាំងអស់។
ព្រមជាមួយគ្នានេះ លោកបានឱ្យដឹងដែរថា គិតត្រឹមព្រឹកនេះ មានប្រជាពលរដ្ឋជាជនស៊ីវិលស្លូតត្រង់ម្នាក់ បានរងគ្រោះថ្នាក់ដល់អាយុជីវិត និង ៥នាក់ទៀតរងរបួស ដែលបង្កដោយការឈ្លានពានរបស់ទ័ពថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



