ព័ត៌មានជាតិ July 26, 2025

ក្រសួងការពារជាតិកម្ពុជា ស្នើឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ចំពោះការពង្រាយកម្លាំងទ័ពឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលបង្ហាញពីបំណងពង្រីកការវាយប្រហារទាំងកំរោល

Liny Chan

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន, លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានស្នើឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ចំពោះការពង្រាយកម្លាំងឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយភាគីថៃកាន់តែគឃ្លើនដោយពង្រាយទ័ពតាមព្រំដែនខេត្តផ្សេង ដែលបង្ហាញពីបំណងពង្រីកការវាយប្រហារទាំងកំរោល។

លោកស្រី បានមានប្រសាសន៍ដូច្នេះថា ភាគីថៃកាន់តែគឃ្លើន និងដាក់ពង្រាយកម្លាំងវាយប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើង ដោយមិនចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹងនៃជម្លោះណាមួយឡើយ។

ទន្ទឹមនឹងនេះ ថៃបានដាក់ខេត្តត្រាត និងខេត្តចន្ទបុរី ដែលជាព្រំប្រទល់ជាប់នឹងខេត្តកោះកុង និងខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជា ក្រោមច្បាប់អាជ្ញាសឹក ហើយបានចាប់ផ្ដើមពង្រាយទ័ព សព្វាវុធ​ និងតំបន់តាមព្រំដែននៃខេត្តបន្ទាយមានជ័យ តាមផែនការដែលបានត្រៀមប្រតិបត្តិការយោធា ចក្រពង្សភូវនាថ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបន្តថា ការត្រៀមកងទ័ពបែបនេះបានបង្ហាញឱ្យឃើញថា ថៃមានបំណងការវាយប្រហារមកលើកម្ពុជាកាន់តែកំរោល និងរំលោភដែនអធិបតេយ្យកម្ពុជាកាន់តែខ្លាំងឡើងៗ។

ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ដូចជាការអះអាង ការបំភ្លៃ ទាក់ទងនឹងការជាន់មីនរបស់កងទ័ពថៃ ជាហេតុផលបង្កើតទុកជាមុន ដើម្បីជាលេសបង្កើតយុទ្ធនាការឈ្លានពានមកលើកម្ពុជា ខណៈដែលសកម្មភាពទាំងនេះ បង្ហាញពីចេតនាយ៉ាងច្បាស់របស់ភាគីថៃដើម្បីបង្វែរទិសខ្យល់ពីច្បាប់អន្តរជាតិ។

ត្រង់ចំណុចនេះ លោកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់ថា៖​ «ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហគមន៍អាស៊ាន និងដៃគូអន្តរជាតិពាក់ព័ន្ធទាំងអស់ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះការឈ្លានពានយ៉ាងកំរោល និងគឃ្លើនរបស់ភាគីថៃមកលើកម្ពុជា»

លោកស្រី បានបន្តថាកម្ពុជានៅតែមានឆន្ទៈក្នុងការដោះស្រាយដោយសន្តិវិធី ស្របច្បាប់អន្តរជាតិ ខណៈពេលនេះកម្ពុជាសូមរក្សាសិទ្ធិវៃការពារ ដោយយោងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងការការពារប្រជាជន ដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួនឱ្យខានតែបាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News