រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវសប្បុរសជនទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យតាមលទ្ធភាព ដើម្បីជូនដល់កងទ័ពជួរមុខនៅបណ្ដោយព្រំដែន
(ភ្នំពេញ)៖ ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា, រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិ មាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រីអភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពចំណុះ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនទាំងអស់ ដែលជាវប្បធម៌នៃការចែករំលែកក្នុងស្មារតីភាតរភាពរបស់ប្រជាជាតិខ្មែរយើង ដែលជាខឿនការពារជាតិ។
គួរជម្រាបថា អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅសាលារាជធានីភ្នំពេញ អគារលេខ៦៩ មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ថ្ងៃ ឬបង្វែរតាមគណនីធនាគារ ABA របស់រដ្ឋបាលរាជធានីភ្នំពេញ៖ PHNOM PENH CAPITAL HALL លេខ៖ 599 778 899 (KHR) និងលេខ៖ 399 778 899 (USD)៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



