Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ ចេញញត្តិថ្កោលទោសចំពោះការវាយប្រហាររបស់ទាហានថៃ មកលើទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិល

    BY Liny Chan July 26, 2025
    ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ ចេញញត្តិថ្កោលទោសចំពោះការវាយប្រហាររបស់ទាហានថៃ មកលើទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិល

    (ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា ព្រមជាមួយគណៈសង្ឃនាយកទាំងពីរគណៈ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទាហានឈ្លានពានថៃ ដែលបានប្រើយន្តហោះ F-16 គ្រាប់បែកចង្កោម និងកាំភ្លើងធំ វាយប្រហារមកលើទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិល។

    ជាក់ស្តែងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ពួកទាហានឈ្លានពានថៃ បានធ្វើការវាយប្រហារមកលើវត្តតាមាន់សែនជ័យ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្តាលឱ្យខូចខាតព្រះវិហារ កុដិព្រះសង្ឃ និងទីសក្ការបូជា ព្រមទាំងធ្វើឱ្យបាត់បង់អាយុជីវិតលោកតាអាចារ្យមួយរូប ដែលជាអ្នកប្រណិប័តន៍ធម៌ និងថែទាំទីអារាម។ នេះជាអំពើដ៏ឃោរឃៅ អមនុស្សធម៌ និងជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលមិនអាចអត់ឱនឱ្យបានឡើយ។

    ទង្វើអមនុស្សធម៌នេះ គឺជាការបំពានដ៏ធ្ងន់ធ្ងរបំផុតផ្ទុយពីមាគ៌ាព្រះពុទ្ធសាសនា ក្នុងឋានៈជាប្រទេសមួយដែលមានប្រជាពលរដ្ឋភាគច្រើនលើសលប់ប្រតិបត្តិព្រះពុទ្ធសាសនា។ ក្រសួងធម្មការ និងគណៈសង្ឃនាយកទាំងពីរគណៈ សូមឱ្យកងទ័ពឈ្លានពានថៃបញ្ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌចំពោះការវាយប្រហារមកលើទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: