ព័ត៌មានជាតិ July 28, 2025

ប្រមុខការទូតអាមេរិក បញ្ជាក់ថាក្រុមមន្ត្រីអាមេរិកកំពុងស្ថិតនៅម៉ាឡេស៊ី ដើម្បីជួយដល់កិច្ចចរចាកម្ពុជា-ថៃ

Liny Chan

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាក្រុមមន្ត្រីមកពីក្រសួងការបរទេសអាមេរិកកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីជួយ ដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ខណៈកម្ពុជា និងថៃ គ្រោងចាប់ផ្ដើមកិច្ចចរចានៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ជាមួយក្ដីរំពឹងថានឹងសម្រេចបានបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ​Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) លោក Rubio បានឱ្យដឹងថា​ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងរូបលោកផ្ទាល់កំពុងទំនាក់ទំនងជាមួយសមភាគីកម្ពុជា និងថៃ ហើយកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។ «យើងចង់ ឱ្យជម្លោះនេះបិទបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិកដោយបន្ថែមថាក្រុមមន្ត្រីអាមេរិកកំពុងស្ថិតក្នុងប្រទេស ម៉ាឡេស៊ី ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព។

គួរបញ្ជាក់ថា មេដឹកនាំកម្ពុជា និងថៃ គ្រោងនឹងចូលរួមក្នុងកិច្ចចរចាមួយសម្របសម្រួលដោយម៉ាឡេស៊ី នៅថ្ងៃចន្ទនេះ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២ បើកកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News