BREAKING: កងទ័ពថៃ ប្រកាសទទួលស្គាល់បទឈប់បាញ់នៅទូទាំងតំបន់ព្រំដែនជាមួយកម្ពុជា មុនកិច្ចប្រជុំ GBC
(បាងកក)៖ សារព័ត៌មានថៃ The Nation នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា បានរាយការណ៍ថា កងទ័ពថៃទទួលស្គាល់បទឈប់បាញ់នៅទូទាំងផ្នែកទាំង៣ នៃព្រំដែន មុនកិច្ចចរចា GBC ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៤ ខែសីហាខាងមុខ។

The Nation ដោយផ្អែកលើបញ្ជាក់ពីកងទ័ពថៃ បានឱ្យដឹងថា ក្រុមមេបញ្ជាការនៅក្នុងផ្នែកទាំង៣នៃព្រំដែនរវាងកម្ពុជា និងថៃ បានឯកភាពគ្នាទៅវិញទៅមកលើបទឈប់បាញ់បន្ទាន់ និងហាមឃាត់ចលនាកងទ័ព ខណៈរង់ចាំកិច្ចប្រជុំ GBC។
កាសែតថៃ The Nation រាយការណ៍ថា មេបញ្ជាការភូមិភាគ២ របស់ថៃ ឧត្តមសេនីយ៍ Boonsin Padklang បានជួបមេបញ្ជាការភូមិភាគ៤ របស់កម្ពុជា លោកឧត្តមសេនីយ៍ Pov Heng នៅច្រកអូរស្មាច់ នៅថ្ងៃអង្គារនេះ។ ភាគីទាំង២ បានឯកភាពគ្នារក្សាបទឈប់បាញ់ ជំរុញការទំនាក់ទំនង និងបង្កើតក្រុមការងាររួមដើម្បីដោះស្រាយបញ្ហា។ បោះជំហានឆ្ពោះទៅរកសន្តិភាព !
អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree ក៏បានបង្ហើបផងដែរពីលទ្ធផលនៃកិច្ចប្រជុំ និងកិច្ចពិភាក្សារវាង មេបញ្ជាការនៃប្រទេសទាំង២ នៅថ្ងៃអង្គារនេះ។ តាមលោក Winthai Suvaree ស្ថានការណ៍នៅតាមបណ្ដោយព្រំដែនក៏បានរក្សានូវបទឈប់បាញ់យ៉ាងជោគជ័យផងដែរ នៅមុនកិច្ចចរចានៅថ្ងៃនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


