មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ជួបពិភាក្សាជាមួយមេបញ្ជាការភូមិភាគ១ថៃ នៅលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយអនុវត្តបទឈប់បាញ់ មិនបង្កើន និងចល័តកម្លាំង ហើយបន្តទំនាក់ទំនងគ្នាឲ្យល្អប្រសើរឡើងវិញ
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ កម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានពិភាក្សាគ្នាជាមួយមេបញ្ជាការភូមិភាគទី១របស់ថៃ។ ជំនួបនេះ បានធ្វើឡើងនៅលើស្ពាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងជំនួបនោះ ភាគីទាំងពីរឯកភាពគ្នា គោរពកិច្ចព្រមព្រៀងបទឈប់បាញ់របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ, សន្យាឈប់បង្កើនទ័ព និងចល័តកម្លាំងទ័ពចៀសវាងការប្រឈមមុខដាក់គ្នា និងភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នា ទៅវិញទៅមក ហើយប្រសិនបើមានបញ្ហាអ្វីកើតឡើងត្រូវទំនាក់ទំនងគ្នាភ្លាមៗ ដើម្បីដោះស្រាយ និងបន្តទំនាក់ទំនងឲ្យល្អប្រសើរឡើងវិញ។
សូមជម្រាបថា កម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ ដែលអនុវត្តចាប់ពីម៉ោង ១២រំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងកិច្ចចរចាមួយនៅប្រទេសម៉ាឡេស៉ី កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានការផ្ដួចផ្ដើមគំនិតពីសហរដ្ឋអាមេរិក និងដឹកនាំសម្របសម្រួលដោយនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ព្រមទាំងមានការចូលរួមពីចិនផងដែរ៕ ផ្ដល់សិទ្ធិដោយ ៖ Fresh News











