ជប៉ុន សាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ
(តូក្យូ)៖ ប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា បានសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ ដោយនិយាយថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ មានសារៈសំខាន់ខ្លាំងសម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន KYODO។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា «យើងសូមស្វាគមន៍ កិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌនេះ។ យើងនឹងធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីស្នើឱ្យមានកិច្ចខិតខំប្រឹងប្រែងពីភាគីថៃ និងកម្ពុជា ឱ្យបន្ធូរបន្ថយភាពតានតឹង ក្នុងនោះរួមមានទាំងការអនុវត្តប្រកបដោយស្ថិរភាពនូវបទឈប់បាញ់»។
គួរបញ្ជាក់ថា បទឈប់បាញ់មួយរវាងកម្ពុជា និងថៃត្រូវបានសម្រេចឡើង ក្រោយកិច្ចប្រជុំបន្ទាន់រវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai នៅរសៀលថ្ងៃចន្ទ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់ លោក អានវ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងសហរដ្ឋអាមេរិក និងចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

