ព័ត៌មានជាតិ July 30, 2025

ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាំអំណោយជាសម្ភារមួយចំនួន ជូនពលរដ្ឋនៅជំរុំភៀសសឹក ខេត្តសៀមរាប

Liny Chan

(សៀមរាប)៖ លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងក្រុមការងារ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលជាជនភៀសសឹកមកពីខេត្តឧត្តរមានជ័យ កំពុងស្នាក់នៅក្នុងជំរុំក្នុងវត្តជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកបណ្ឌិត ឃួន សុវណ្ណ បានណែនាំដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់អាស្រ័យតាមជំរុំភៀសខ្លួន សូមបង្កើនការយកចិត្តទុកដាក់ ថែទាំសុខភាព អនាម័យ និងត្រូវមានសាមគ្គីភាពគ្នា ជួយគ្នាក្នុងគ្រាដ៏លំបាកនេះ។

លោកបណ្ឌិតបានបន្ថែមថា ការលំបាករបស់ជនភៀសសឹក រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាពិសេសអាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់គិតគូររួចហើយ ដោយស្មារតីខ្មែរស្រលាញ់ខ្មែរ សាមគ្គីជាធ្លុងមួយ ពលរដ្ឋ មន្ត្រីរាជការនៅតាមបណ្ដាខេត្តនានា បានស្រុះស្រួលមូលមតិគ្នានាំនូវសម្ភារៈប្រើប្រាស់ និងថវិកាជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅតាមជំរុំនានាជាបន្តបន្ទាប់ផងដែរ៕ ផ្ដល់សិទ្ធដោយ៖ Fresh News