Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ស្នើម៉ាឡេស៉ីជួយអន្ដរាគមន៍ដើម្បីជំរុញថៃ ប្រគល់ទាហានកម្ពុជា២០នាក់ ត្រឡប់មកវិញឲ្យកាន់តែឆាប់ និងសុវត្ថិភាព 

    BY Liny Chan August 1, 2025
    កម្ពុជា ស្នើម៉ាឡេស៉ីជួយអន្ដរាគមន៍ដើម្បីជំរុញថៃ ប្រគល់ទាហានកម្ពុជា២០នាក់ ត្រឡប់មកវិញឲ្យកាន់តែឆាប់ និងសុវត្ថិភាព 

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំការអន្ដរាគមន៍ពីប្រទេសម៉ាឡេស៉ី ដែលជាប្រធានប្ដូរវេនរបស់អាស៊ាន ដើម្បីជួយអន្ដរាគមន៍ធ្វើយ៉ាងណាឲ្យភាគីថៃ ប្រគល់ទាហានកម្ពុជាចំនួន២០រូប ដែលគេចាប់ខ្លួនទៅមកប្រទេសកម្ពុជាវិញកាន់តែឆាប់ និងប្រកបដោយសុវត្ថិភាព។

    នេះបើតាមការលើកឡើងរបស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈការសង្ខេបព័ត៌មានអំពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្ដធ្វើចរចាហើយក៏កំពុងជំរុញឲ្យភាគីថៃ ប្រគល់កងកម្លាំងរបស់យើងឲ្យយើងវិញឲ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្ដរជាតិ។ កម្ពុជាក៏បានស្នើឲ្យម៉ាឡេស៉ី ដែលជាប្រធានអាស៊ានឲ្យជួយអន្ដរាគមន៍ដើម្បីជំរុញឲ្យភាគីថៃ ឆាប់ប្រគល់ពួកគេឲ្យយើងវិញ»

    លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងទៀតថា ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ មិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

    សូមរំលឹកថា កងកម្លាំងយោធារបស់កម្ពុជា ចំនួន២០នាក់ ត្រូវបានក្រុមទាហានថៃចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន។ មកទល់ពេលនេះ រាជរដ្ឋាភិបាលកំពុងចរចាដើម្បីឲ្យឆាប់បញ្ជូនត្រឡប់មកវិញ ខណៈភាគីថៃបញ្ជាក់ថា កម្លាំងកម្ពុជាទាំងអសនោះមានសុវត្ថិភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: