ព័ត៌មានជាតិ August 1, 2025

អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុកម្ពុជា ប្រាប់ឱ្យជនភៀសសឹក និងយោធិន កុំព្រួយបារម្ភ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះជាច្រើន ដើម្បីសម្រាលទុក្ខលំបាក

Liny Chan

(ភ្នំពេញ)៖ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង សមាគមគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុនៅកម្ពុជា បានប្រាប់ពលរដ្ឋដែលជាជនភៀសសឹក និងយោធិនទាំងអស់ថា សូមមេត្តាកុំព្រួយបារម្ភ ព្រោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងលើកលែងការប្រាក់ពន្យារការសងប្រាក់ដើម និងមិនអនុញ្ញាតឱ្យមានការផាកពិន័យ រយៈពេល៣ខែ។

លោកបានបញ្ជាក់ថា ទាំងនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយធ្វើយ៉ាងណាជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ និងយោធិនទាំងអស់ ក្នុងគ្រាស្ថានភាពដ៏លំបាកមួយនេះ។

លោក កាំង តុងងី បានថ្លែងឲ្យដឹងថា ជាងមួយសប្ដាហ៍មកនេះ យើងមានបញ្ហាច្រើននៅតាមព្រំដែន រហូតដល់ឈានដល់ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ ដោយបានបង្កការលំបាក និងការប៉ះពាល់ដល់អាយុជីវិតកងទ័ព និងប្រជាជន។ ក្នុងនោះប្រជាជនរាប់ម៉ឺននាក់ ត្រូវបានភៀសសឹក ដោយការភៀសសឹកនេះហើយ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ ការប្រកបររបរកស៊ី ដោយមើលឃើញពីចំណុចទាំងនេះ បានជាថ្នាក់ដឹកនាំមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសមាគមធនាគារ ពិភាក្សាដើម្បីសម្រាលបន្ទុកជូនដល់ប្រជាពលរដ្ឋ និងយោធិន។

លោកបានបន្ដថា បន្ទាប់ពីមានការពិភាក្សាគ្នារួចរាល់ធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញនូវគោលកាណ៍ជាច្រើន ក្នុងនោះក្នុងរយៈពេលពីនេះរហូតដល់៣ខែក្រោយ គឺមិនមានការផាកពិន័យ, លើកលែងការប្រាក់, ការពន្យារការសង់ប្រាក់ដើម, ចំពោះប្រជាពលរដ្ឋភៀសសឹក និងការលុយចោលបំណុលប្រមាណ ២ម៉ឺនដុល្លារដល់យោធិនពលីទៀតផង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News