ព័ត៌មានជាតិ August 1, 2025

សមាគមធនាគារនៅកម្ពុជា ​ប្រាប់ពីនិតិវិធីក្នុងការស្នើសុំការអនុគ្រោះ និងលុបចោលបំណុល​ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ​ដល់គ្រួសារយោធិនពលី និងរងរបួស និងជនភៀសសឹក

Liny Chan

(ភ្នំពេញ)៖ លោក សុខ ចាន់ ប្រធាននាយកដ្ឋានទំនាកទំនងសាធារណៈសមាគមធនាគារនៅកម្ពុជា បានថ្លែងប្រាប់អំពីនិតិវិធីក្នុងការស្នើសុំការអនុគ្រោះ និងលុបចោលបំណុល​ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ​ដល់គ្រួសារយោធិនពលី និងរងរបួស និងជនភៀសសឹក។

ការលើកឡើងរបស់លោក សុខ ចាន់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «វត្តមាន​របស់​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ លើ​ការ​បន្ធូ​រ​បន្ទុកហិរញ្ញវត្ថុ​ របស់​ក្រុម​អ្នក​ងាយ​រង​គ្រោះ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-​ថៃ»

លោក សុខ ចាន់ បានថ្លែងឲ្យដឹងថា ជាការពិតដើម្បីជាសម្រួលដល់ជនភៀសសឹក និងយោធិន យើងបានបែកចែកការអនុគ្រោះនោះជាពីរផ្នែក រួមមានដល់ ជនភៀសសឹក និងយោធិន។ ក្នុងនោះសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងលើកលែងរាល់កម្រៃ ឬការផាកពិន័យលើសេវាឥណទាន រយៈពេល៦ខែ ចាប់ពីថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ព្រមទាំងលើកលែងការទូទាត់សងការប្រាក់ ឬពន្យារនូវការទូទាត់សងប្រាក់ដើម រយៈពេល ៦ខែដូចគ្នាចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។

លោកបានបន្ដថា តាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា យើងក៏មានការលុបចោលបំណុល ចំពោះយោធិនពលីរហូតដល់ ៨០លានរៀល ឬប្រមាណ២ម៉ឺនដុល្លារ ចំពោះយោធិនពិការយើងនឹងធ្វើការលុបបំណុលចំនួន ១០លានរៀល ប្រមាណ២៥០០ដុល្លារ។

លោក សុខ ចាន់ បានបញ្ជាក់ថា «ដើម្បីស្នើសុំការអនុគ្រោះទាំងនេះ គ្រឹះស្ថានទាំង ២គឺសមាគមធនាគារ និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងទំនាក់ទំនងទៅកាន់ក្រុមគ្រួសារយោធិនដែលពលលី យោធិនដែលរងរបួស ឬខាងក្រុមគ្រួសារសាច់ញាតិ អាចទំនាក់ទំនងមកកាន់ស្ថាប័នយើងទាំងពីរខាងលើ ដោយភ្ជាប់មកនូវលិខិតបញ្ជាក់ដើម្បីបង្ហាញថា គាត់ពិតជាជនរងគ្រោះក្នុងជម្លោះនៃព្រុំដែនកម្ពុជាថៃនេះ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News