អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ដោយការតាំងចិត្តយ៉ាងខ្ពស់ ក្នុងស្មារតីស្រឡាញ់សុខសន្តិភាព និងគោរពច្បាប់អន្តរជាតិ
(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជាបានគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ដោយការតាំងចិត្តយ៉ាងខ្ពស់ប្រកបដោយការអត់ធ្មត់ ក្នុងស្មារតីស្រឡាញ់សុខសន្តិភាព គោរពច្បាប់អន្តរជាតិ និងគោរពបានកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ លោក ប៉ែន បូណា បានបញ្ជាក់ថា ពេលនេះមានការក្លែងបន្លំគណនី Facebook ជាច្រើន ដោយបានប្រើប្រាស់ឈ្មោះខ្មែរ តែអ្នកដែលបង្កើត និងអ្នកប្រើប្រាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។
លោក ប៉ែន បូណា ចាត់ទុកទង្វើទាំងនេះជាកលល្បិចថ្មីមួយទៀតដែលពួកគេប្រើប្រាស់ដើម្បីក្លែងបន្លំធ្វើជាជនជាតិខ្មែរដាក់ឈ្មោះខ្មែរ សរសេរខ្មែរតែនិយាយដើម្បីបំបែកបំបាក់ស្មារតីសាមគ្គីភាពរបស់ខ្មែរ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នកុំចាញ់ល្បិចកលទាំងនេះឲ្យសោះ។
លោកបន្តថា ពេលនេះប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសកំពុងរួមគ្នាជាធ្លុងមួយបង្កើតជាខឿនការពារបូរណភាពទឹកដីយ៉ាងរឹងមាំ នឹងការពារសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរយើង សូមបងប្អូនខ្មែរយើងបន្តថែរក្សាកម្លាំងមហាសាមគ្គីជាតិនេះឲ្យបន្តឋិតឋេរជារៀងរហូត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

