ព័ត៌មានជាតិ August 4, 2025

លោក ទៀ ស្យាម ផ្ដួចផ្ដើមគ្រោងប្ដូរឈ្មោះស្ថានីយប្រេង PTT ទៅជា «PEACE Petroleum Cambodia-PPC» ដែលប្រែថា «សន្ដិភាព»

Liny Chan

(ភ្នំពេញ)៖ ស្របពេលដែលកម្ពុជា កំពុងមានបញ្ហាជម្លោះជាមួយប្រទេសថៃ លើបញ្ហាព្រំដែន លោក ទៀ ស្យាម ដែលជាស្គាល់ថាជាទិញសិទ្ធិបើកស្ថានីយ៍ប្រេងឥន្ធនៈ PTT នៅកម្ពុជា បានផ្ដួចផ្ដើមគំនិតក្នុងការប្ដូរឈ្មោះស្ថានីយប្រេងរបស់ខ្លួនទៅជា «PEACE Petroleum Cambodia-PPC» ដែលបកប្រែថា «សន្ដិភាព» សំដៅពង្រឹងស្មារតីជាតិនិយម។

ក្រោយឆ្លងកាត់ការជជែកពិភាក្សាជាមួយអ្នកដែលទិញសិទ្ធិបន្ដ ដើម្បីបើកស្ថានីយប្រេង PTT នៅកម្ពុជាអស់ជាច្រើនថ្ងៃនោះ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ លោក ទៀ ស្យាម បានបង្ហើបអំពីវឌ្ឍន៍ភាពថ្មីនៃកិច្ចពិភាក្សានេះ ដោយភ្ជាប់ជាមួយខ្លឹមសារ និងគំរូនៃការឌីហ្សាញថ្មីរបស់ស្ថានីយប្រេង ដែលប្រើជំនួសស្ថានីយប្រេង PTT។ លោកបានចាត់ទុកថា ឈ្មោះស្ថានីយ៍ប្រេងថ្មីនេះ គឺសុទ្ធតែបង្កប់ដោយអត្ថន័យ។ អត្ថន័យដែលបង្កប់នៅក្នុងឈ្មោះ និងគំរូនៃការឌីហ្សានេះរួមមាន៖

* ពណ៌ក្រហម ជាពណ៌មួយក្នុងទង់ជាតិខ្មែរ ដែលតំណាងទឹកដីកម្ពុជា ប្រៀបបានដូចសញ្ជាតិរបស់ប្រេនដែលបង្កើតដោយកូនខ្មែរ
* ពណ៌ស ឆ្លុះបញ្ជាំងពីភាពបរិសុទ្ធ សុភាព ស្មោះត្រង់ និងសន្តិភាព ប្រៀបបានដូចជាអត្តចរិករបស់ប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់សន្តិភាព និងមានចរិកស្មោះត្រង់
* ពណ៌ទឹកប៊ិច ឆ្លុះបញ្ជាំងពីភាពរឹងមាំ ទំនុកចិត្ត និងនិរន្តរន៍ភាព ប្រៀបដូចជាការប្តេជ្ញារបស់ប្រេន ដែលនឹងផ្តល់ជូននូវសេវាកម្មប្រកបដោយស្តង់ដា គុណភាព និងទំនុកចិត្តដ៏រឹងមាំជូនអតិថិជន
* សត្វព្រាប ឆ្លុះបញ្ជាំងពី សេរីភាព និងសន្តិភាព ប្រៀបបានដូចជាការប្រកាសឯករាជ្យ របស់ក្រុមហ៊ុន PPC
* ពណ៌មាស ឆ្លុះបញ្ជាំងពីភាពត្រចះត្រចង់ និងឧត្តមគតិដែលនឹងហោះឡើង ដោយភាពរុងរឿងរបស់កូនខ្មែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News