ព័ត៌មានជាតិ August 4, 2025

កម្ពុជាដាក់ញត្តិជូនឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងប្រធានប្តូរវេន គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ជំរុញឱ្យធ្វើអធិការកិច្ចនៅកន្លែងឃុំឃាំងទាហានកម្ពុជាទាំង ១៨នាក់ ដែលថៃចាប់

Liny Chan

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះសុខទុក្ខសុវត្ថិភាព សុខភាព និងសិទ្ធិរបស់ទាហានកម្ពុជាទាំង១៨នាក់ ដែលកំពុងត្រូវបានឃុំខ្លួននៅប្រទេសថៃ, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ញត្តិជូនឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងប្រធានប្តូរវេនគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីជំរុញឱ្យធ្វើអធិការកិច្ច នៅកន្លែងឃុំឃាំងទាហានកម្ពុជាទាំង១៨នាក់។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន រយៈពេលប្រមាណ៨ម៉ោង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថៃបានចល័តទ័ពចូលមកចាប់ទាហានកម្ពុជាចំនួន២០នាក់ ក្នុងបន្ទាយកងទ័ពកម្ពុជា។

ដោយបានឃើញទាហានកម្ពុជាចំនួន២នាក់ ក្នុងចំណោម២០នាក់ ដែលត្រូវបានដោះលែងមានស្ថានភាពសុខភាពធ្ងន់ធ្ងរ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិបន្ទាន់ជូនឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងប្រធានប្តូរវេននៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ដើម្បីជំរុញការធ្វើទស្សនកិច្ច និងអធិការកិច្ចរបស់សហគមន៍ អង្គការអន្តរជាតិ និងយន្តការសិទ្ធិ មនុស្សនានា នៅកន្លែងឃុំឃាំងទាហានកម្ពុជាទាំង១៨នាក់

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើលិខិតអន្តរាគមន៍បន្ថែមទៀតជូន៖

* តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់ អាស៊ីអាគ្នេយ៍
* ប្រធានស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យរបស់ប្រទេសថៃ
* តំណាងប្រទេសថៃប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)
* ប្រធានស្ថាប័នសិទ្ធិមនុស្សជាតិ ឯករាជ្យរបស់ប្រទេសម៉ាឡេស៊ី។

ក្នុងលិខិតអន្តរាគមន៍ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើសុំឱ្យអ្នកតំណាង និងប្រធានស្ថាប័នខាងលើ៖

* ធ្វើទស្សនកិច្ចបែបមនុស្សធម៌នៅកន្លែងឃុំខ្លួនទាហានកម្ពុជាទាំង១៨នាក់
* ផ្ទៀងផ្ទាត់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់ទាហាន និងលក្ខខណ្ឌដែលពួកគេត្រូវបានឃុំខ្លួន
* ជួយ និងសម្របសម្រួលទំនាក់ទំនងរវាងទាហានទាំង ១៨នាក់ និងគ្រួសាររបស់ពួកគេ និងអ្នកពាក់ព័ន្ធផ្សេងទៀត
* ធានាឱ្យមានការដោះលែងជាបន្ទាន់ និងការព្យាបាលស្របតាមច្បាប់ គោលការណ៍មនុស្សធម៌បទដ្ឋានអន្តរជាតិ និងគោលការណ៍អាស៊ាន។

ដោយកត់សម្គាល់ឃើញថា ប្រទេសថៃ ជាប្រទេសធ្លាប់យកចិត្តទុកដាក់លើវិស័យសិទ្ធិមនុស្ស និងមានធនធានបញ្ញវន្តផ្នែកសិទ្ធិមនុស្សជាច្រើនរូប គ.ស.ម.ក. មានសុទិដ្ឋិនិយមខ្ពស់ថា ទាហានកម្ពុជាទាំង ១៨នាក់ នឹងត្រូវបានដោះលែង និងបញ្ជូនមកប្រទេសកម្ពុជាវិញក្នុងពេលដ៏ឆាប់បំផុត។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងខិតខំប្រឹងប្រែងបន្ថែមទៀត និងសូមអំពាវនាវដល់យោធាថៃ សូមដោះលែង និង បញ្ជូនទាហានកម្ពុជាទាំង១៨នាក់ មកប្រទេសកម្ពុជាវិញ ដើម្បីធានាទំនុកចិត្តរវាងរាជរដ្ឋាភិបាល និងរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងប្រែក្លាយព្រំដែននៃប្រទេសទាំងពីរទៅជាព្រំដែននៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សង្ឃឹមថា ស្ថាប័នខាងលើនឹងធ្វើកិច្ចអន្តរាគមន៍សម្របសម្រួល និងចុះពិនិត្យតាមសំណើ របស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងពេលដ៏ឆាប់បំផុត។ ប្រទេសកម្ពុជាប្តេជ្ញាអនុវត្តតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់មនុស្សធម៌ អន្តរជាតិ និងសន្ធិសញ្ញាសិទ្ធិមនុស្សដែលពាក់ព័ន្ធទាំងអស់ និងខិតខំលើកកម្ពស់សុខដុមរមនា យុត្តិធម៌ និងការរួមរស់ដោយសន្តិភាពក្នុងចំណោមប្រជាជាតិនានា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News