អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចល័តទ័ពចូលតំបន់អានសេះ និងរាយបន្លាលួសរបស់កងទ័ពថៃ ជាការបំពានយ៉ាងគឃ្លើនលើបទឈប់បាញ់ និងគំរាមកំហែងចំពោះសន្តិភាព និងសន្តិសុខតាមបណ្តោយព្រំដែន និងតំបន់ទាំងមូល
(ភ្នំពេញ)៖ ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា ការចល័តទ័ពចូលតំបន់អានសេះ និងរាយបន្លាលួសរបស់កងទ័ពថៃ គឺជាការបំពានយ៉ាងគឃ្លើនលើបទឈប់បាញ់ និងគំរាមកំហែងចំពោះសន្តិភាព និងសន្តិសុខ តាមបណ្តោយព្រំដែនប្រទេសទាំងពីរ និងតំបន់ទាំងមូល។

នាពេលថ្មីៗនេះ ក្រសួងការពារជាតិកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចរបស់សេនានុព័ន្ធយោធាប្រទេសជាមិត្តទៅកាន់ទីតាំងតំបន់អានសេះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ ចំណុចនេះ ជាការបង្ហាញយ៉ាងច្បាស់ថា តំបន់អានសេះ គឺស្ថិតនៅអធិបតេយ្យភាពរបស់កម្ពុជា និងការគ្រប់គ្រងរបស់កងកម្លាំងកម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីរំលងអធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ទង្វើទាំងអស់នេះរបស់យោធាថៃ (ការចល័តទ័ពចូលតំបន់អានសេះ) គឺបង្ហាញអំពីការរំលោភបំពានយ៉ាងគឃ្លើន លើខ្លឹមសារកិច្ចព្រមព្រៀងបទឈប់បាញ់ បានបង្កការកំរាមកំហែង ដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយបបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ និងតំបន់ទាំងមូល»។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា កម្ពុជាសូមបន្តអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូ ដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ដ៏បាក ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់រវាងកងទ័ពទាំងពីរ ត្រូវបានអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានទាមទារឱ្យភាគីថៃ បញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់មកលើដែនអធិបតេយ្យភាពជាតិកម្ពុជា និងគោរពឱ្យបានម៉ឹងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសគោរពដែលអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា។
សូមបញ្ជាក់ថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ថៃបានបញ្ជូនកងទ័ព និងសព្វាវុធ ព្រមទាំងគ្រឿងចក្រ ចូលតំបន់អានសេះ និងតំបន់ផ្សេងទៀត ចូលដែនអធិបតេយ្យកម្ពុជា ដោយបានរាយបន្លាលួសផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




