កុមារកម្ពុជារងគ្រោះដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ នៅពេលនេះវះ-កាត់ដោយជោគជ័យនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប
(សៀមរាប)៖ កូនចៅប្រជាពលរដ្ឋខ្មែរម្នាក់រស់នៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយអំបែងគ្រាប់កាំភ្លើងផ្លោងកងទ័ពសៀម ត្រូវចំជើងឆ្វេង បានទទួលការពិនិត្យព្យាបាលដោយវះកាត់ បានជោគជ័យហើយ នៅមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប។

ស្ត្រីជាម្តាយឈ្មោះ រិន ផល្លា មានប្តីឈ្មោះ ម៉ឺន វឌ្ឍី ជាមន្ត្រីយោធាឈរជើងនៅទិសប្រាសាទតាមាន់ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ថា កូនប្រុសរបស់គាត់បានរងគ្រោះត្រូវជើងខាងឆ្វេង ដោយអំបែងគ្រាប់កាំភ្លើង ផ្លោងរបស់កងទ័ពសៀម នៅព្រឹកថ្ងៃទី២៤ ខែខែកក្កដា ឆ្នាំ២០២៥ ភ្លាមៗនោះត្រូវបានបញ្ជូនមកធ្វើការសង្គ្រោះ នៅឯមន្ទីរពេទ្យជ័យវរ័្មនទី៧ខេត្តសៀមរាប មកដល់ពេលនេះស្ថានភាពជំងឺកូនប្រុសរបស់គាត់ មានសភាពធូរស្រាលហើយ។
ស្ត្រីជាម្តាយរូបនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប ពិសេសក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺកូនប្រុសរបស់គាត់ រហូតបានធូរស្រាលឡើងវិញ។ ស្ត្រីរូបនេះបានថ្លែងអំពាវនាវឲ្យថៃ អនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទឈប់បាញ់ ពិសេសអំពាវនាវដល់ប្រទេសមហាអំណាចធំៗ ជួយដាក់សម្ពាធលើរដ្ឋាភិបាល និងកងទ័ពថៃ។
លោក យ៉ៃ វន្ទនា នាយកមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប បានឲ្យដឹងថា ចាប់តាំងពីមានករណីផ្ទុះអាវុធនៅតាមព្រំដែន កម្ពុជា-ថៃ ដែលកបង្ករឡើងដោយកងទ័ពថៃ មន្ទីរពេទ្យរបស់លោកមានអ្នកជំងឺជាប្រជាពលរដ្ឋភៀសសឹក ចូលមកសម្រាកព្យាបាលជំងឺជាបន្ដបន្ទាប់។
លោកថា ទោះបីជាមន្ទីរពេទ្យបម្រើសេវាទូទៅ តែមន្ទីរពេទ្យនៅតែទទួលពលរដ្ឋភៀសសឹក និងយោធាជារៀងរាល់ថ្ងៃ ជាមួយនឹងការអំពាវនាវដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរមន្ទីរពេទ្យរបស់ លោករង់ចាំស្វាគមន៍ ពិនិត្យព្យាបាលជូន២៤ម៉ោង/២៤ម៉ោង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


